ជប៉ុនគ្រោងអនុម័តវិធានការជំរុញសេដ្ឋកិច្ចក្នុងទឹកប្រាក់ ៨៧ពាន់លានដុល្លារនៅសប្តាហ៍នេះ

Oplus_131072

(តូក្យូ)៖ រដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុនកាលពីថ្ងៃពុធបានឯកភាពជាមួយគណបក្សប្រឆាំងធំមួយលើសេចក្តីព្រាងកញ្ចប់វិធានការជំរុញសេដ្ឋកិច្ច ដែលត្រួសត្រាយផ្លូវឆ្ពោះទៅរកការបញ្ចេញកញ្ចប់ថវិកាចំនួន ៨៧ពាន់លានដុល្លារដែលត្រូវបានបង្កើតឡើងដើម្បីជួយទប់ស្កាត់ផលប៉ះពាល់ទៅលើពលរដ្ឋជប៉ុនពីការកើនឡើងតម្លៃទំនិញ។

Oplus_131072

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កិច្ចព្រមព្រៀងដែលសម្រេចឡើងដោយគណបក្សប្រជាធិបតេយ្យសេរី (LDP) គណបក្ស Komeito ដែលជាដៃគូក្នុងរដ្ឋាភិបាលចម្រុះកំពុងកាន់អំណាចរបស់ខ្លួន និងគណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន (DPP) ដែលជាគណបក្សប្រឆាំងមានន័យថា កញ្ចប់វិធានការនេះទំនងជានឹងត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្គេរុ អ៊ីស៊ីបា (Shigeru Ishiba) នៅថ្ងៃសុក្រសប្តាហ៍នេះ។

រដ្ឋាភិបាលចម្រុះជប៉ុនឥឡូវនេះត្រូវការកិច្ចសហប្រតិបត្តិការពីគណបក្សប្រឆាំង DDP បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ២៧ ខែតុលាបានធ្វើឱ្យគណបក្ស LDP និងគណបក្ស Komeito មិនមានសំឡេងគ្រប់គ្រាន់។

មន្ត្រីប្រតិបត្តិមួយរូបមកពីគណបក្ស DPP ត្រូវបានទីភ្នាក់ងារព័ត៌មានរ៉យទ័រដកស្រង់សម្ដីខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា គណបក្ស LDP និងគណបក្ស Komeito បានយល់ព្រមពិនិត្យមើលគំនិតផ្តួចផ្តើមគោលនយោបាយសំខាន់ៗមួយចំនួនរបស់គណបក្ស DPP រួមទាំងការបង្កើនប្រាក់ឧបត្ថម្ភលើប្រាក់ចំណូលមិនជាប់ពន្ធមូលដ្ឋាន និងការបញ្ចុះពន្ធលើប្រេងសាំង យកមកធ្វើជាគោលនយោបាយ «អាទិភាពកំពូល» នៅក្នុងកញ្ចប់វិធានការជំរុញសេដ្ឋកិច្ចនេះ។

កញ្ចប់វិធានការជំរុញសេដ្ឋកិច្ចនេះក៏នឹងផ្តល់ប្រាក់ចំនួន ៣០.០០០យ៉េន (១៩៣ដុល្លារ) ដល់គ្រួសារដែលមានប្រាក់ចំណូលទាប ដែលទទួលបានការលើកលែងពន្ធលំនៅដ្ឋាន និង ២០.០០០យ៉េនសម្រាប់កូនម្នាក់សម្រាប់គ្រួសារដែលមានសមាជិកគ្រួសារ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលបានដកស្រង់ប្រភពដែលបានដឹងកិច្ចការនេះ។

សភាប៉ុននឹងចាប់ផ្តើមការពិភាក្សានៅខែក្រោយអំពីថវិកាបន្ថែម ដើម្បីផ្តល់មូលនិធិដល់កញ្ចប់វិធានការនេះ ដែលត្រូវបានរាយការណ៍ថាមានតម្លៃប្រហែល ១៣,៥ពាន់ពាន់លានយ៉េន (៨៧ពាន់លានដុល្លារ)៕