(បេរូត)៖ មេដឹកនាំក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា អ៉ីស្រាអែលមិនអាចដាក់លក្ខខណ្ឌ សម្រាប់បទឈប់បាញ់បានទេ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៉ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយថា រាល់កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ ត្រូវតែធានាថាអ៉ីស្រាអែល នៅតែអាចធ្វើសកម្មភាពប្រឆាំងនឹងក្រុមហេសបូឡាបាន។ អ៉ីស្រាអែល បានពង្រីកគោលដៅសង្រ្គាមពីហ្កាហ្សាទៅលីបង់ ជាមួយនិងការប្តេជ្ញាធានាសុវត្ថិភាពភាគខាងជើងប្រទេស ដើម្បីអនុញ្ញាតឲ្យមនុស្សរាប់ម៉ឺននាក់ដែលភៀសខ្លួន ដោយសារតែការបាញ់ផ្លោងឆ្លងព្រំដែន អាចត្រលប់មកផ្ទះរបស់ពួកគេវិញ។
នៅក្នុងកាអត្ថាធិប្បាយខ្លីមួយ លោក Naim Qassem មេដឹកនាំហេសបូឡា និយាយថា «អ៉ីស្រាអែលមិនអាចឈ្នះ ហើយក៏មិនអាចដាក់លក្ខខណ្ឌឱ្យពួកយើងដែរ»។ លោក Qassem និយាយទៀតថា ក្រុមប្រដាប់អាវុធរបស់លោក ចង់ឱ្យការឈ្លានពានបញ្ចប់ទៅយ៉ាងពិតប្រាកដ និងរក្សាអធិបតេយ្យភាពរបស់លីបង់។ លោកប្តេជ្ញាថានឹងសងសឹក ចំពោះការវាយប្រហាររបស់អ៉ីស្រាអែលនាពេលថ្មីៗនេះ ទៅលើទីក្រុងបេរូត ដោយអាចធ្វើឡើងចំកណ្តាលទីក្រុង Tel Aviv តែម្តង៕