ថៃរំពឹងទទួលបានកំណើនវិស័យទេសចរណ៍ បន្ទាប់ពីច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ចូលជាធរមាន

Oplus_131072

(បាងកក)៖ ភ្លែតហ្វមទេសចរណ៍ Agoda បានឱ្យដឹងថា ប្រទេសថៃដែលមានសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍ សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៤លាននាក់បន្ថែមទៀត ក្នុងមួយឆ្នាំបន្ទាប់ពីច្បាប់ ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នា ចូលជាធរមាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

Oplus_131072

កាសែត VN Express បានរាយការណ៍ដោយដកស្រង់របាយការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុន Agoda កាលពីចុងសប្តាហ៍មុនថា ក្នុងរយៈពេលពីរឆ្នាំនៃការអនុវត្តច្បាប់នេះ អាពាហ៍ពិពាហ៍ភេទដូចគ្នានេះ ត្រូវបានរំពឹងថានឹងចាក់បញ្ចូលទឹកប្រាក់ប្រមាណជា ២ពាន់លានដុល្លារក្នុងមួយឆ្នាំ ទៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ។

ក្រុមហ៊ុន Agoda បានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់នេះ ទឹកប្រាក់ ០,៧ពាន់លានដុល្លារនឹងត្រូវបានចាក់បញ្ចូល ទៅក្នុងការស្នាក់នៅ ០,៤ពាន់លានដុល្លារទៅ ក្នុងការចំណាយលើម្ហូបអាហារ និងលក់រាយ ០,២ពាន់លានដុល្លារទៅក្នុងការដឹកជញ្ជូនក្នុងស្រុក និង ០,២ពាន់លានដុល្លារទៅក្នុងការកម្សាន្តនិងសេវាវេជ្ជសាស្រ្ត។

របាយការណ៍របស់ក្រុមហ៊ុន Agoda ក៏បានបង្ហាញផងដែរថា ច្បាប់ថ្មីនេះអាចបង្កើនផលិតផលក្នុងស្រុកសរុប របស់ប្រទេសថៃចំនួន ០,៣% ដែលត្រូវបានជំរុញដោយការកើនឡើងប្រាក់ចំណូលពីទេសចរណ៍ និងការបង្កើតការងារនៅក្នុងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចផ្សេងទៀត។

កាសែទ CNN របស់អាមេរិកបានរាយការណ៍ថា ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នា របស់ប្រទេសថៃត្រូវបានព្រាងជាផ្លូវការ កាលពីខែកញ្ញាឆ្នាំមុន ដែលអនុញ្ញាតឱ្យគូស្នេហ៍ភេទដូចគ្នារៀបការស្របច្បាប់។

ច្បាប់នេះត្រូវបានចេញផ្សាយនៅក្នុងសៀវភៅរាជកិច្ច បន្ទាប់ពីទទួលបានការអនុម័ត ពីព្រះមហាក្សត្រថៃ Maha Vajiralongkorn ហើយនឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃ ដែលមានន័យថា ពិធីមង្គលការដំបូងត្រូវបានរំពឹងថា នឹងធ្វើឡើងនៅក្នុងខែមករាខាងមុខ។

ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ២៩,០៨លាននាក់គិតត្រឹមខែតុលាឆ្នាំនេះ ហើយពួកគេបានចំណាយប្រាក់ប្រមាណ ៤០,១៤ពាន់លានដុល្លារនៅក្នុងប្រទេសនេះ។ នេះបើយោងតាមកាសែត VN Express៕