លោក Netanyahu ថាការវាយប្រហាររបស់អ៉ីស្រាអែលកាលពីខែតុលា បំផ្លាញសមាសភាគមួយនៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់

Oplus_131072

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអះអាងកាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកាថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើអ៉ីរ៉ង់ កាលពីខែតុលាកន្លងទៅ គឺវាយប្រហារចំសមាសភាគមួយនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ខណៈធ្វើឱ្យប្រព័ន្ធការពារដែនអាកាស និងសមត្ថភាពផលិតមីស៊ីលរបស់អ៉ីរ៉ង់ ចុះខ្សោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

នៅក្នុងសុន្ទរកថាមួយទៅកាន់សភាអ៉ីស្រាអែល លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «វាមិនមានអ្វីជាអាថ៌កំបាំងទេ។ នោះគឺសមាសភាគជាក់លាក់មួយនៃកម្មវិធីនុយក្លេអ៊ែរ របស់ពួកគេដែលត្រូវបានវាយប្រហារនៅក្នុងការវាយប្រហារនៅពេលនោះ»។ លោក Netanyahu មិនបានបញ្ជាក់លម្អិតពីសមាសភាគនៃកម្មវិធីនុយក្លេអ៊ែរ ដែលរងការវាយប្រហារ នោះទេ ប៉ុន្តែបានបន្ថែមថាជំហានរបស់អ៉ីរ៉ង់ឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរមិនត្រូវបានរាំងខ្ទប់នោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា យន្ដហោះចម្បាំងអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅយោធានៅក្នុងទឹកដីអ៉ីរ៉ង់ ជាការសងសឹកទៅនឹងការបាញ់ ស្រោចមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ លើអ៉ីស្រាអែលកាលពីដើមខែតុលា។ បើតាមលោក Netanyahu ការវាយប្រហារនេះក៏បានបំផ្លាញប្រព័ន្ធការពារដែនអាកាស S-300 មួយគ្រឿង ក្នុងចំណោម ៤គ្រឿងដែលរុស្ស៉ីផ្គត់ផ្គង់ឱ្យអ៉ីរ៉ង់ ដាក់ពង្រាយនៅជុំវិញទីក្រុងតេហេរ៉ង់ផងដែរ៕