លោក គីម ជុងអ៊ុន ជំរុញឱ្យយោធាកូរ៉េខាងជើង អភិវឌ្ឍសមត្ថភាពប្រយុទ្ធ នៅក្នុងសង្រ្គាម

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យយោធារបស់លោកប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរឡើង ដើម្បីប្រយុទ្ធនៅក្នុងសង្រ្គាមមួយ បន្ទាប់ពី ទីក្រុងព្យុងយ៉ាងបញ្ជូនកងទ័ពទៅកាន់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់របស់លោក គី​ម ជុងអ៊ុន ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ធ្វើឡើងអំឡុងថ្លែងសុន្ទរកថាមួយកាលពីសប្ដាហ៍មុន ទៅកាន់ក្រុម មេបញ្ជាការកូរ៉េខាងជើង នៅឯពិធីមួយរៀបចំឡើងក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ បើតាម KCNA​ លោក គីម ក៏បានជំរុញផងដែរឱ្យកសាងនយោបាយ និងយោធា ដ៏រឹងមាំ ព្រមទាំងអភិវឌ្ឍសមត្ថភាពប្រយុទ្ធឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាឱ្យបានថាកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងអាចយកឈ្នះនៅក្នុងសង្រ្គាមមួយ។

លោក គីម ជុងអ៊ុន ថែមទាំងបានគូសបញ្ជាក់ទៀតផងថាការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងនោះរួមមានទាំងកូរ៉េខាងត្បូង និងការប្រឈមមុខយោធា ដាក់គ្នារបស់ពួកគេជាមួយកូរ៉េខាងជើង បានធ្វើឱ្យភាពតានតឹងធ្លាក់ចូលក្នុងដំណាក់កាលដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បាននិយាយថាកងទ័ពកូរ៉េខាងជើងជាង ១០ ០០០នាក់ កំពុងមានវត្តមាននៅក្នុងប្រទេសរុស្ស៉ី ដើម្បីគាំទ្រដល់សង្រ្គាមរបស់រុស្ស៉ី ប្រឆាំងនឹងអ៊ុយក្រែន ហើយក្នុងចំណោមកងទ័ពកូរ៉េខាងជើងទាំងនេះទៀតសោត មានមួយចំនួនបានចាប់ផ្ដើមប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk ស្ថិតនៅក្បែរព្រំដែន អ៊ុយក្រែន៕