ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាពជាបណ្តោះអាសន្ន របស់សមាគមមូលនិធិទ្រទ្រង់កម្ពុជា រយៈពេល៣០ថ្ងៃសិន ដោយសារសមាគមមួយនេះ បាននិងកំពុងធ្វើសកម្មភាពផ្ទុយនឹងច្បាប់។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនលោក ចៅ ចាន់ធឿន ប្រធានសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះ ៖ «ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា បានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារសមាគមបាន និងកំពុងធ្វើសកម្មភាព ស្វែងរកផលប្រយោជន៍ តាមរយៈការអូសទាញប្រជាពលរដ្ឋឱ្យចូលជាសមាជិក និងកំណត់ឱ្យបង់ថវិកាចូលសមាគមដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន»៕