ហ្វាំងឡង់ថា គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន

(ហែលស៉ិនគី)៖ រដ្ឋមន្រ្តីការបរទេសហ្វាំឡង់ លោកស្រី Elina Valtonen បាននិយាយថា ការបង្ខំអ៊ុយក្រែនឱ្យទទួលយកអ្វីដែលខ្លួនមិនចង់បាន មិនមែនជាដំណោះស្រាយសន្តិវិធីចំពោះវិបត្តិជាមួយរុស្ស៉ីឡើយ ខណៈទីក្រុងមូស្គូក៏មិនគួរឱ្យទុកចិត្តដែរ ថាអាចប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលខ្លួនចុះហត្ថលេខា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ស្ថិតក្រោមអំណាចគ្រប់គ្រងរបស់រុស្ស៉ីជាង ១០០ឆ្នាំ ហ្វាំងឡង់ទទួលបានឯករាជ្យនៅឆ្នាំ ១៩១៧។ មកដល់ឆ្នាំ ១៩៣៩ ហ្វាំងឡង់ បានរងនូវការឈ្លានពានរបស់អតីតសូវៀតជាថ្មីម្តងទៀត។ នៅពេលសង្រ្គាមចប់សព្វគ្រប់ ហ្វាំងឡង់ ចំណាយពេលរាប់ឆ្នាំដើម្បីរក្សាមិត្តភាព និងសម្របសម្រួលទំនាក់ទំនង ជាមួយប្រទេសជិតខាងភាគខាងកើតរបស់ខ្លួន។

ក្នុងបទសម្ភាសន៍ជាមួយ Reuters នៅខាងក្រៅវេទិកាសន្តិភាពទីក្រុងប៉ារីស លោកស្រី Valtonen និយាយថា មានហ្វាំងឡង់ជាគំរូស្រាប់។ ដំបូងឡើយទីក្រុង Helsinki បានវាយបករុស្ស៉ីក្នុងសង្គ្រាមលោកលើកទី ២។ ប៉ុន្តែទោះជាមានសន្តិភាពហើយក្តី ក៏នៅតែបន្តការពារខ្លួនពីជម្លោះថ្មីទៀត។ លោកស្រីគូសបញ្ជាក់ថា «ខ្ញុំ​ប្រឆាំង​នឹងជម្រើសរក្សា​អព្យាក្រឹតភាព។ ដំណោះស្រាយរបៀបនេះ នឹងមិនធ្វើឱ្យបញ្ហារលត់បាត់ឡើយ។ លោកស្រីលើកជាសំណួរថា តើរុស្ស៉ីគួរឱ្យទុកចិត្តបានទេ ក្រោយពេលមានកិច្ចព្រមព្រៀង ដែលបង្ខំឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹតនោះ?»។

គួរបញ្ជាក់ថា ហ្វាំងឡង់ មាន​ព្រំដែន​ប្រវែង ១៣០០គីឡូម៉ែត្រ​ជាមួយ​រុស្ស៉ី។ បន្ទាប់ពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនផ្ទុះឡើង ហ្វាំងឡង់ និងប្រទេសជិតខាងស៊ុយអែត បានបោះបង់គោលនយោបាយមិនចូលបក្សសម្ព័ន្ធ ហើយងារទៅរកសម្ព័ន្ធភាព ជាមួយអង្គការណាតូ។

រុស្ស៉ី បានទាមទារឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹត ហើយជំទាស់នឹងការចូលជាសមាជិកអង្គការណាតូ។ ស្របពេលដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក រំពឹងថានឹងបញ្ចប់សង្រ្គាមឱ្យបានលឿន សេណារីយ៉ូមួយ ដែលកំពុងបង្កការព្រួយបារម្ភ នោះអាចជាការបង្ខំឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ។ ដូច្នេះវានឹងសម្លាប់បំណងប្រាថ្នារបស់ អ៊ុយក្រែនដែលច់ងក្លាយជាសមាជិកអង្គការណាតូ៕