ព្យុះទីហ្វុងទី៤ វាយប្រហារលើប្រទេសហ្វីលីពីន ក្នុងពេលមួយខែ

Oplus_131072

(ម៉ានីល)៖ ក្រុមមន្ត្រីហ្វីលីពីន បានឱ្យដឹងនៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកានេះថាប្រជាជននៅតាមភូមិជាច្រើន ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ហើយកំពង់ផែជាច្រើនត្រូវបិទជាបណ្ដោះអាសន្ន ខណៈព្យុះទីហ្វុងមួយផ្សេងទៀតបានវាយប្រហារលើហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Oplus_131072

ព្យុះទីហ្វុង Toraji គឺជាព្យុះទី៤ ដែលបានវាយប្រហារលើហ្វីលីពីន ក្នុងរយៈពេលជិតមួយខែមកនេះ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាត នៅឡើយទេ ស្របពេលព្យុះ Toraji បានវាយប្រហារលើតំបន់ឆ្នេរភាគឦសាននៃប្រទេស នៅក្បែរទីក្រុង Dilasag ស្ថិតនៅចម្ងាយប្រហែល ២២០គីឡូម៉ែត្រ ពីភាគឦសាននៃរដ្ឋធានីម៉ានីល។

រដ្ឋាបាលហ្វីលីពីន បានបង្គាប់ឱ្យប្រជាជននៅតាមភូមិចំនួន ២៥០០ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពកាលពីថ្ងៃអាទិត្យ ប៉ុន្តែខាងអាជ្ញាធរមិនបានបញ្ជាក់ថាតើមានប្រជាជនប៉ុន្មាន នាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួននោះទេ។ ដោយឡែក បើតាមអាជ្ញាធរឧតុនិយមហ្វីលីពីន ព្យុះ Toraji បានបក់បោកក្នុងល្បឿន ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយការមកដល់នៃព្យុះ នេះកើតមានឡើង បន្ទាប់ពីព្យុះចំនួន៣ បានវាយប្រហារលើហ្វីលីពីន ក្នុងរយៈពេលជិតមួយខែមកនេះ ដោយសម្លាប់មនុស្ស១៥៩នាក់។

គួរបញ្ជាក់ថា សាលារៀន និងការិយាល័យរដ្ឋាភិបាលជាច្រើន នៅតាមតំបន់ដែលព្យុះ Toraji អាចនឹងបក់បោកទៅដល់ ត្រូវបានបិទទ្វារបណ្ដោះអាសន្ន រីឯអ្នកដំណើរជិត ៧០០នាក់ បានជាប់គាំងនៅតាមកំពង់ផែមួយចំនួន។ ក្នុងមួយឆ្នាំៗ មានព្យុះតូចធំយ៉ាងហោច ២០ តែងតែវាយប្រហារលើហ្វីលីពីនជារឿយៗ៕