(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ហើយបានជំរុញឱ្យលោក ពូទីន កុំពង្រីកសង្រ្គាមនៅអ៊ុយក្រែន ខណៈលោកប្រធានាធិបតី ចូ បៃដិន មានផែនការបញ្ចុះបញ្ចូលឱ្យលោក ត្រាំ កុំបោះបង់ចោលទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលបានដឹងពីកិច្ចសន្ទនាខាងលើ បានឱ្យដឹងទៀតថាលោក ត្រាំ បានបើកកិច្ចសន្ទនាជាមួយលោក ពូទីន កាលពីប៉ុន្មានថ្ងៃមុននេះ។ លោក ត្រាំ ក៏បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីផងដែរកាលពីថ្ងៃពុធសប្ដាហ៍មុន។ ខាងក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថាខ្លួនមិនបានទទួល ការជូនដំណឹងជាមុនអំពីកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន នោះទេ ហើយក៏មិនបានបង្ហាញការគាំទ្រ ឬជំទាស់អ្វីនោះដែរ។ ចំណែក នាយកខាងទំនាក់ទំនងរបស់លោក ត្រាំ គឺលោក Steven Cheung បានគូសបញ្ជាក់ថា «យើងមិនធ្វើអត្ថាធិប្បាយលើកិច្ចសន្ទនាឯកជនរវាងលោកប្រធានាធិបតី ត្រាំ ជាមួយមេដឹកនាំពិភលោកដទៃនោះទេ»។
ការលើកឡើងបែបនេះរបស់លោក Steven Cheung ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន ដែលត្រូវបានរាយការណ៍មុនគេដោយកាសែត Washington Post៕