លោកស្រី កាម៉ាឡា ហារីស ទទួលស្គាល់បរាជ័យ ហើយអបអរសាទរលោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានសន្យាថានឹងបន្តប្រយុទ្ធតស៊ូ ដើម្បីឧត្តមគតិដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី អំឡុងថ្លៃសុន្ទរកថាមួយទទួលស្គាល់បរាជ័យ និងទទួលស្គាល់ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់អ្នកគាំទ្រដែលមានអ្នកខ្លះសម្រក់ទឹកភ្នែកសោកស្ដាយផងនោះ នៅឯសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី ហារីស បានគូសបញ្ជាក់ដូច្នេះថា «ខណៈខ្ញុំទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត ខ្ញុំមិនបានបោះបង់ចោលការប្រយុទ្ធតស៊ូដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត នេះនោះទេ»។ លោកស្រីបន្ថែមថានឹងបន្តតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ស្ត្រី និងប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ហើយនឹងប្រយុទ្ធតស៊ូដើម្បីភាពថ្លៃថ្នូរដែល មនុស្សទាំងអស់គ្នាសមនឹងទទួលបាន។

បើតាមលោកស្រី ហារីស លោកស្រីផ្ទាល់ក៏បានហៅទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ដើម្បីសម្ដែងការអបអរសាទរផងដែរ ហើយសន្យាថានឹងចូលរួមក្នុងការផ្ទេរ អំណាចដោយសន្តិវិធី។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយទទួលបាន សំឡេងអង្គបោះឆ្នោត ច្រើនជាងលោក លោកស្រី កាម៉ាឡា ហារីស។ តាមរយៈលទ្ធផលបោះឆ្នោត លោក ដូណាល់ ត្រាំ​ អាយុ៧៨ឆ្នាំ នឹងក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក ​និងជាអាណត្តិ២របស់លោកផងដែរ។

តាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយសារព័ត៌មាន CNN គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ត្រាំ ទទួលបានអង្គបោះឆ្នោត ២៩២ លើសពីចំនួន២៧០ ដែល លោក ត្រាំ ត្រូវការជាចាំបាច់ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។ រីឯលោកស្រីវិញ ទទួលបានអង្គបោះឆ្នោត ២២៦។ ដោយឡែក បើគិតសំឡេងបោះឆ្នោតពី ប្រជាជនអាមេរិក ឬ Popular Vote លោក ត្រាំ ទទួលបានសន្លឹកឆ្នោត ៧២ ៣៤០ ៧៦២សំឡេង ហើយលោកស្រី ហារីស ទទួលបាន ៦៧ ៦៣៦ ០៥៣សំឡេង។

ប៉ុន្តែ បើតាមប្រព័ន្ធបោះឆ្នោតអាមេរិក ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីពិតប្រាកដ នឹងត្រូវនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយក្រុមអ្នកបោះឆ្នោតតំណាងទាំង ៥៣៨រូប នឹងត្រូវជួបជុំគ្នានៅតាម រដ្ឋធានី នៃរដ្ឋនីមួយៗរបស់ពួកគេ ដើម្បីទម្លាក់សន្លឹកឆ្នោតជ្រើសប្រធានាធិបតី និងអនុប្រធានាធិបតីដោយផ្ទាល់។ ជាទូទៅ អង្គបោះឆ្នោតទាំងនេះមានភារកិច្ចបោះឆ្នោតឱ្យបេក្ខជនតំណាងគណបក្ស របស់ខ្លួន តែអង្គបោះឆ្នោតដែលបោះឆ្នោតឱ្យបេក្ខជនបក្សដទៃវិញនោះ ក៏ធ្លាប់កើតមានផងដែរក្នុងប្រវត្តិសាស្ត្រ។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ សភាទាំង២របស់សហរដ្ឋអាមេរិក នឹងរាប់សន្លឹកឆ្នោតអង្គបោះឆ្នោត ហើយប្រកាសជាផ្លូវការនូវបេក្ខជនដែលជាប់ឆ្នោតជា ប្រធានាធិបតី។ ចំណែកឯ ពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕