លោក ដូណាល់ ត្រាំ នឹងកែប្រែសេដ្ឋកិច្ចអាមេរិកជាមួយនឹងការដកហូតពន្ធគយ និងការបង្ក្រាបលើជនអន្តោប្រវេសន៍

Oplus_131072

(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ នឹងវិលត្រឡប់ទៅកាន់សេតវិមានវិញ ហើយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អាចនឹងស្ថិតក្នុងស្ថានភាពផ្លាស់ប្តូរខ្លាំងណាមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

Oplus_131072

អតីតប្រធានាធិបតីដែលនឹងឡើងកាន់តំណែង ជាប្រធានាធិបីថ្មីក្នុងពេលឆាប់ៗខាងមុខនេះ បានសន្យាថានឹងដំឡើងពន្ធលើទំនិញនាំចូល ទៅកាន់សហរដ្ឋអាមេរិកទាំងអស់ និងអនុវត្តការបណ្តេញចេញជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ គាត់ក៏ចង់មានសំឡេងនៅក្នុងគោលនយោបាយ របស់ធនាគារកណ្តាលអាមេរិកផងដែរ។

យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា សេដ្ឋវិទូជាច្រើនគិតថា វិធានការទាំងនេះនឹងបង្កឱ្យអតិផរណាកើនឡើងកាន់តែខ្ពស់ និងកំណើនសេដ្ឋកិច្ចកាន់តែថមថយនៅពេលខាងមុខ។

លោក ត្រាំ ក៏បានសន្យាថានឹងកាត់បន្ថយពន្ធផងដែរ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតដែលបានបញ្ចប់ដោយជោគជ័យ ទៅលើអនុប្រធានាធិបតីអ្នកស្រី ខាមេឡា ហារីស។ សមត្ថភាពរបស់គាត់ក្នុងការអនុវត្តការវិធានការ ដែលបានសន្យាទាំងអស់នោះនឹងអាស្រ័យលើលទ្ធផលបោះឆ្នោតសភា ដែលនៅតែស្ថិតក្នុងមន្ទិលសង្ស័យ ទោះបីជាគណបក្សសាធារណរដ្ឋបានឈ្នះការគ្រប់គ្រងព្រឹទ្ធសភាក៏ដោយ។ រដ្ឋាភិបាលដែលបែកបាក់គ្នាចាំបាច់ត្រូវការប្រធានាធិបតីថ្មី ចរចាកាន់តែខ្លាំងក្លាជាមួយសភាជុំវិញ គោលនយោបាយសារពើពន្ធ។

អ្នកវិភាគបាននិយាយថា ទោះបីជាយ៉ាងណា វាគឺជាពន្ធរបស់លោក ត្រាំ ដែលលោកបានគំរាមថានឹងដកហូតទៅលើប្រទេសជាសត្រូវ និងប្រទេសសម្ព័ន្ធមិត្ត ដែលវាមានផលប៉ះពាល់ខ្លាំងបំផុតលើសេដ្ឋកិច្ចអាមេរិក។ លោក ត្រាំ ដែលបានប្រកាស់ហៅខ្លួនឯងថាជា «បុរសពន្ធគយ» បានអនុម័តពន្ធគយលើទំនិញនាំចូលក្នុងតម្លៃប្រហែល ៣៨០ពាន់លានដុល្លារនៅក្នុងអាណត្តិដំបូងរបស់គាត់។ ឥឡូវនេះ គាត់បានសន្យាថានឹងមានវិធានការកាន់តែទូលំទូលាយ រួមទាំងការដកហូតពន្ធគយក្នុងអត្រាពី ១០% ទៅ ២០% លើទំនិញនាំចូលអាមេរិកទាំងអស់ និង ៦០% លើទំនិញរបស់ប្រទេសចិន។

លោក ត្រាំ បាននិយាយថា ពន្ធនាំចូលអាចជួយបង្កើនប្រាក់ចំណូល និងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងបង្កើនផលិតកម្មឡើងវិញ។ លើសពីនេះទៀត ដូចដែលលោក ត្រាំ បានបង្ហាញកាលពីលើកមុនក្នុងពេលកាន់តំណែង ប្រធានាធិបតីអាចសម្រេចចិត្តតែម្នាក់ឯងបានក្នុងការអនុវត្តការដកហូតពន្ធគយ។

លោក Mark Zandi ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន Moody’s Analytics បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «គាត់នឹងចាប់ផ្តើមនិងដំណើរការដោយរលូន»។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា គោលនយោបាយទាំងនេះនឹងដំណើរការយ៉ាងឆាប់រហ័ស ហើយវានឹងមានឥទ្ធិពលភ្លាមៗ»

សេដ្ឋវិទូភាគច្រើននិយាយថា អតិផរណានឹងកើនឡើងដោយសារតែគោលនយោបាយទាំងនេះ ដោយសារតែអ្នកប្រើប្រាស់នឹងត្រូវចំណាយខ្ពស់ជាងមុនទៅលើថ្លៃពន្ធគយដែលត្រូវបានដំឡើងដោយលោក ត្រាំ។

ក្រុមហ៊ុន Moody’s បានឱ្យដឹងមុនពេលបោះឆ្នោតថា បើលោក ត្រាំ ក្លាយជាប្រធានាធិបតី អតិផរណានឹងកើនឡើងដល់យ៉ាងហោចណាស់ ៣% នៅឆ្នាំក្រោយ និងខ្ពស់ជាងនេះនៅក្នុងករណីដែលគណបក្សសាធារណរដ្ឋទទួលបានអំណាចក្នុងសភា ធៀបនឹង ២,៤% នៅក្នុងខែកញ្ញា ដោយសារការដំឡើងពន្ធគយនិងលំហូរចេញពលកម្មអន្តោប្រវេសន៍។

សេដ្ឋវិទូ Jay Bryson បម្រើការនៅក្រុមហ៊ុន Wells Fargo បានថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី១៦ ខែតុលាថា ប្រសិនបើប្រទេសផ្សេងគេចាត់វិធានការសងសឹកវិញ ហើយសង្រ្គាមពាណិជ្ជកម្មនឹងកើតឡើងនោះ សហរដ្ឋអាមេរិកនឹងប្រឈមមុខបញ្ហាខ្លះដែរ ពោលគឺជាស្ថានភាពមួយដែលសេដ្ឋកិច្ចអាមេរិកនឹងនៅទ្រឹង ហើយសម្ពាធតម្លៃកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕