ប្អូនស្រីលោក គីម ជុងអ៊ុនថា សមយុទ្ធរួមគ្នារវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បញ្ជាក់ពីភាពត្រឹមត្រូវនៃការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង

Oplus_131072

(សេអ៊ូល)៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង បាននិយាយថាសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គឺជាហេតុផលមួយបញ្ជាក់ពីភាពត្រឹមត្រូវនៃការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

អ្នកនាង គីម យ៉ូជុង បានរិះគន់ការធ្វើសមយុទ្ធជើងអាកាសរួមគ្នារវាងប្រទេសទាំង៣ ហើយដែលសមយុទ្ធនេះត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគ អន្តរទ្វីប ICBM ប្រើឥន្ធនៈរឹងស៊េរីថ្មី Hwasong-19 កាលពីសប្ដាហ៍មុន។ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដឹកនាំការធ្វើសមយុទ្ធជើងអាកាសរួមគ្នា ដោយមានការចូលរួមពី យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក B-1B យន្ដហោះចម្បាំង F-15K និង KF-16 របស់កូរ៉េខាងត្បូង រួមទាំងយន្ដហោះចម្បាំង F-2 របស់ជប៉ុន។ កូរ៉េខាងជើងតែងតែបង្ហាញ ការខឹងសម្បារជារឿយៗទៅនឹងការធ្វើសមយុទ្ធរួមគ្នារបៀបនេះ ដោយចាត់ទុកថាវាជាការត្រៀមលក្ខណៈឈ្លានពានប្រទេសរបស់ខ្លួន។

ដោយស្រង់សម្ដីអ្នកនាង គីម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកាថាប្រឈមមុខនឹងការគំរាមកំហែងរបៀបនេះ កូរ៉េខាងជើងនឹងមិន បោះបង់ចោលជំហានឆ្ពោះទៅរកការពង្រឹងសមត្ថភាពកំញើញនុយក្លេអ៊ែរនោះទេ។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកានេះ ជាការឆ្លើយតប ទៅនឹងសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន៕