សម្តេចពិជ័យសេនា ទៀ បាញ់ រំលឹកយុទ្ធសាស្ត្របំបាត់ចលនាឧទ្ទាមខ្មែរក្រហម រយៈពេល១០៥២ យប់និងថ្ងៃ

ភ្នំពេញ)៖ សម្តេចពិជ័យសេនាទៀបាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គ្រោងនឹងផ្តល់បទ សម្ភាសន៍ពិសេសដល់សាព័ត៌មានស្រុកមួយ ដោយនឹងរៀបរាប់អំពីអតីតកាលអនុវត្តនយោបាយ និងយុទ្ធសាស្ត្របំបាត់ចលនាឧទ្ទាមខ្មែរក្រហម ក្នុងរយៈពេល១០៥២ យប់និងថ្ងៃ តាមរយៈនយោបាយ ឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។

កិច្ចសម្ភាសន៍ផ្តាច់មុខនេះ នឹងធ្វើតាមរយៈកម្មវិធី Fresh Exclusive នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ពោលគឺចំថ្ងៃខួបកំណើតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ តែម្តង។

អតីតមេទ័ពដ៏កំពូលអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់កម្មវិធី Fresh Exclusive វេលាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលនឹងរៀបរាប់អំពីអតីតកាលយុទ្ធសាស្ត្របំបាត់ចលនាឧទ្ទាមខ្មែរក្រហម ក្នុងរយៈពេល១០៥២ យប់និងថ្ងៃ។
បទសម្ភាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាអតីតឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងការពារជាតិ គឺជាបទសម្ភាសន៍មួយដែលនឹងឆ្លុះបញ្ចាំងថា តើរវាងពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ ១៩៩៦ ដល់ ២៩ ធ្នូ ឆ្នាំ១៩៩៨ ចលនាឧទ្ទាមខ្មែរក្រហម ត្រូវបានបំបាត់អស់ទាំងស្រុង ដោយរបៀបណា?

កិច្ចសម្ភាសន៍ផ្តាច់មុខវេលាថ្ងៃទី៥វិច្ឆិកា នឹងធ្វើតាមរយៈអ្នកចងក្រងសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែននៃកម្ពុជា គឺលោកម៉ារ យ៉ារិទ្ធិ ដែលបច្ចុប្បន្នជាប្រធានកម្មវិធី Fresh Exclusive នៃអង្ភភាពព័ត៌មាន ក្នុងស្រុកមួយនៅរាជធានីភ្នំពេញ។

លោក ម៉ារ យ៉ារិទ្ធិ បានថ្លែងថា «កិច្ចសម្ភាសន៍ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជុំវិញនយោបាយឈ្នះឈ្នះ គឺជាកិច្ចសម្ភាសន៍ ដ៏មានសារៈសំខាន់ បំផុតនិងមានតម្លៃជាប្រវត្តិ សាស្ត្រ សម្រាប់កូនខ្មែរជំនាន់ក្រោយត្រូវចងចាំទុកនូវអ្វីជាយុទ្ធ សាស្ត្រ DIFID នៃនយោ បាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុនសែន ដែលបានធ្វើឱ្យកម្ពុជា អស់សង្គ្រាម និងមានសន្តិភាពពិតប្រាកដ និងការឯកភាពទឹកដី លើកដំបូងក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំនៃប្រទេសកម្ពុជា»។ កម្ពុជាក្នុងអតីតកាលសង្គ្រាមស៊ីវិល បានឆ្លងកាត់ឧបសគ្គជាច្រើន ទំរាំបានទទួលសន្តិភាពដូចបច្ចុប្បន្ន។

សៀវភៅ «យុទ្ធសាស្ត្រ DIFID តេជោសែននៃកម្ពុជា» បានសរសេរថា ការដាក់ចេញនូវយុទ្ធសាស្ត្រ DIFID (Divide Isolate Finish Integrate Develop) នៃនយោបាយឈ្នះឈ្នះ គឺដោយសារតែការមើលឃើញថា បេសកកម្មអង្គការ សហប្រជាជាតិអ៊ុនតាក់ UNTAC ដែលចំណាយថវិកាជិត២ពាន់លានដុល្លារ និងការដាក់ពង្រាយបុគ្គលិកជាងមួយម៉ឺននាក់ ដើម្បីជួយឱ្យកម្ពុជាបញ្ចប់សង្គ្រាម និងធ្វើ ការបោះឆ្នោតសកលក្រោមការ ត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិលើកដំបូងក្នុងខែឧស ភាឆ្នាំ១៩៩៣ មិនបានធ្វើឱ្យសង្គ្រាមស៊ីវិល បញ្ចប់ទាំងស្រុងឡើយ។

សង្គ្រាមស៊ីវិល បង្កឡើងដោយក្រុមខ្មែរក្រហមដែលបានធ្វើពហិកាការបោះឆ្នោតសកល បាន ធ្វើឱ្យទឹកដីខ្មែរ នៅមានតំបន់អបគមន៍ ជាពិសេសទីតាំងធំៗចំនួន២ របស់ក្រុមខ្មែរក្រហម នៅប៉ៃលិន និងនៅអន្លង់វែង។ សង្គ្រាមមិនទាន់អស់ទាំងស្រុងនោះ បានធ្វើឱ្យមាន មនុស្ស កាន់តែស្លាប់និងរបួស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេស កាន់តែខ្ទេចខ្ទីថែមទៀត។

ដោយមើលឃើញនូវការបន្តភាពចន្លោះប្រហោងនេះ ក្រោមយុទ្ធសាស្ត្រ DIFID នៃនយោ បាយឈ្នះឈ្នះ រយៈពេល ១០៥២ ថ្ងៃ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែល ចាប់ផ្តើមនៅថ្ងៃទី១១កុម្ភៈឆ្នាំ១៩៩៦ បានធ្វើឱ្យប្រទេសកម្ពុជា អស់សង្គ្រាមស៊ីវិល, មាន សុខសន្តិភាពពិតប្រាកដ និងការឯក ភាពទឹកដីទាំងស្រុង មិនធ្លាប់កើត មានក្នុងរយៈពេល ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្រជាតិ។
សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ បានបញ្ចប់នៅថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨ ដោយគណៈរដ្ឋមន្ត្រីខ្មែរក្រហម ទាំងមូល បានធ្វើដំណើរមក គេហស្ថានរបស់សម្តេចតេជោនៅក្នុងក្រុងតាខ្មៅ ធ្វើការចុះ ចូល និងរួមរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ, រាជរដ្ឋាភិបាល តែមួយ និងក្រោមម្លប់ដ៏ត្រជាក់ របស់អង្គព្រះមហាក្សត្រតែមួយ នៃព្រះរាជាណាចក្រកម្ពុជា៕