សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោម

(ភ្នំពេញ)៖ នៅវេលាម៉ោង ៥៖១៨នាទីព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ត្រូវបានដង្ហែឆ្ពោះទៅ​កាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេស​វៀត​ណាមហើយ។ ពិធីដង្ហែអង្គកឋិនទាន​មហា​សាម​គ្គី​គ្រួសារខ្មែរ ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាមនាព្រឹកនេះ ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលពោរពេញដោយសទ្ធាជ្រះថ្លា និងក្តីសោមនស្ស​នាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន​គណៈ​កម្មការរៀបចំអង្គកឋិនទាន ព្រមទាំងសមាជិក សមាជិកាគណៈកម្មការជាច្រើនរូបទៀត ដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងអភិបាលរាជធានី-ខេត្តមួយចំនួនទៀត។

បន្ទាប់ពីធ្វើដំណើរប្រមាណជាមួយម៉ោងអង្គកឋិនទានបានដង្ហែដល់ច្រកព្រំដែនជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល។ បន្ទាប់មកគណៈប្រតិភូត្រូវបានអាជ្ញាធរវៀតណាម តម្រូវឱ្យចុះពីរថយន្តក្រុងដែលជិះពីរាជធានីភ្នំពេញ ទៅពិនិត្យនៅច្រកព្រំដែន ហើយប្តូរថយន្ត ដើម្បីធ្វើដំណើរបន្តមកកាន់ខេត្តត្រាវិញ។ គណៈប្រតិភូដង្ហែអង្គកឋិនទាន ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើដំណើរចាកចេញពីព្រំដែននៅវេលាម៉ោង៨ព្រឹក។

បន្ទាប់ពីធ្វើដំណើរតាមរថយន្តក្រុងលើចម្ងាយផ្លូវជាង២០០គីឡូម៉ែត្រ ក្នុងថេរវេលាប្រមាណ​ជា​៤ម៉ោង ពោលនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ គណៈប្រតិភូបានធ្វើដំណើរដល់ខេត្តត្រាវិញ។ ការធ្វើដំណើរពីព្រំដែន មកកាន់ខេត្តត្រាវិញ ក្បួនដង្ហែអង្គកឋិនទាន ទទួលបានការសបម្របសម្រួលពីសមត្ថកិច្ចរបស់វៀតណាម ដោយមានរថយន្តបើកផ្លូវ និងមានការជួយសម្រួលចរាចរនៅផ្លូវប្រសប់ផងដែរ។

តាមកម្មវិធីបុណ្យដែលបានគ្រោងទុក បន្ទាប់ពីអញ្ជើញដល់ខេត្តត្រាវិញហើយនោះ នៅវេលាម៉ោង​២រសៀល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ អញ្ជើញទៅកាន់វត្តពោធិ​គិរីវង្សារាម ដើម្បីបូជាគ្រឿងសក្ការៈដល់ព្រះរតនត្រ័យ។ បន្ទាប់មកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរក្រោម។

អង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏ក្រម ហើយក៏ត្រូវបាន​ចាត់​ទុក​ជា​ពិធីបុណ្យជាប្រវត្តិសាស្ត្រមួយផងដែរ។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ​នាមជាអង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង​អាណា​ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋា​ភិបាល។

ទីអារាមជាមែកធាងដ៏សំខាន់នៃវប្បធម៌ខ្មែរ នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះមាន​ទី​អា​រាម​​រហូត​ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ អង្គកឋិនដែលរៀបចំដោយស្ថាប័នសង្ឃ និងស្ថាប័នដឹកនាំជាតិរបស់កម្ពុជាដង្ហែទៅ​កាន់​ខ្មែរក្រោមមិនធ្លាប់មាននោះឡើយ។ ព្រឹត្តិការណ៍នៃអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរនាពេល​នេះ បាននាំមកនូវការសាទរ និងរីករាយយ៉ាងជ្រាលរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម។ អង្គកឋិនទាននេះ ក៏បានបង្ហាញឱ្យឃើញច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះព្រសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនានៅខ្មែរក្រោម។

សូមបញ្ជាក់ថា កឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យ​បិដក មហាវគ្គ កឋិនក្ខន្ធកៈ ដែលទាយក ទាយិកាមានសទ្ធាជ្រះថ្លា នាំយកចីវរទៅ​វេរ​ប្រគេនព្រះ​ភិក្ខុ​សង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាសក្នុងអាវាសវត្តណាមួយនិងជាទានវិសេស មានលក្ខណៈ​ប្លែក​ជាងទានដទៃ៥យ៉ាង ភិក្ខុសង្ឃបានក្រាលគ្រងកឋិនទទួលបានសង្ឃលាភ និងអានិសង្ស ៥ ហើយអ្នកប្រគេនកឋិនចីវរ ក៏ទទួលបានអានិស្ស៥ផងដែរ។
លក្ខណៈប្លែក៥យ៉ាងនៃកឋិនទាន៖

១៖ ប្លែកដោយកាល៖ តាមពុទ្ធានុញ្ញាត កឋិនកាលមានតែ២៩ថ្ងៃគឺពីថ្ងៃ ១រោច ខែអស្សុជ ដល់ ១៥​កើត ខែកត្តិក។ ក្នុងអំឡុងពេលនេះទាយក ទាយិកា អាចនាំយកចីវរទៅវេរប្រគេនភិក្ខុស​ង្ឃ​នៅថ្ងៃ​ណាក៏បានហើយវត្តនីមួយៗទទួលកឋិនទានបានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។

២៖ ប្លែកដោយវត្ថុ កឋិនចីវរមាន៖ ស្បង់ ចីពរ និងសង្ឃាដី ក្រៅពីនេះ ពុំអាចចាត់ជាកឋិនចីវរបាន​ឡើយ។ កឋិនចីវរនេះសោត ភិក្ខុសង្ឃក្រាលគ្រងកឋិន អាចជ្រើសយកវត្ថុណាមួយក្នុងចំណោម ចីពរ ស្បង់ ឬសង្ឃាដី ដើម្បីក្រាលគ្រងតាមព្រះទ័យរបស់លោក ។

៣៖ ប្លែកដោយអំពើ បុគ្គលអ្នកធ្វើអង្គកឋិនទានគប្បីធ្វើឱ្យបានត្រឹមត្រូវរបៀបតាមព្រះវិន័យ។

៤៖ ប្លែកដោយបដិគ្គាហកៈ មានតែភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសប៉ុណ្ណោះ ទើបអាចទទួលក្រាលគ្រង និងអនុមោទនាកឋិនបាន។ ភិក្ខុមិនបានចាំវស្សា ឬបាននៅចាំវស្សាដែរតែដាច់វស្សា ឬសាមណេរ ពុំអាចទទួលក្រាលគ្រងកឋិនបានឡើយ។

៥៖ ប្លែកដោយអានិសង្ស ព្រះភិក្ខុសង្ឃដែលបានក្រាលគ្រង និងអនុមោទានកឋិន ទទួលបានអានិសង្ស ៥យ៉ាងដូចខាងលើ ក្នុងរវាង៥ខែ ដូចមានក្នុងវិន័យបិដកភាគ៨ត្រង់​កឋិនក្ខន្ធកៈ។

ចំណែកកឋិនទាយក ដែលបានថ្វាយកឋិនចីវរ ត្រូវទទួលបានអានិសង្សច្រើនជាអនេក ព្រោះជាចីវរទានពិសេសប្លែក ព្រះភិក្ខុសង្ឃដែលបានក្រាលគ្រងនិងអនុមោទនាកឋិន ទទួលបានទាំងសង្ឃលាភនិង អានិសង្ស៥យ៉ាង សមដូចព្រះពុទ្ធដីការថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជនអ្នកមានប្រាជ្ញាតែងឱ្យនូវសេចក្ដីសុខដល់អ្នកដទៃ និងរមែងបាននូវសេចក្ដីសុខនោះមកខ្លួនវិញ៕