មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើង នៅឥណ្ឌូណេស៊ី

(ហ្សាការតា)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះថាមនុស្សយ៉ាងហោច ៩នាក់បានស្លាប់ បន្ទាប់ពីភ្នំភ្លើង Lewotobi Laki-laki ស្ថិតនៅភាគខាងកើតនៃប្រទេស បានផ្ទុះ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយបញ្ចេញកម្អែភ្នំភ្លើងបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាច្រើនរស់នៅក្បែរភ្នំភ្លើងនេះ ទៅកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

បើតាមក្រុមមន្ត្រីឥណ្ឌូណេស៊ី ភ្នំភ្លើង Lewotobi Laki-laki ដែលមានទីតាំងស្ថិតនៅលើកោះ Flores នៃខេត្ត East Nusa Tenggara បានផ្ទុះនៅម៉ោងប្រហែល ២៣៖៥៧នាទីយប់ កាលពីថ្ងៃអាទិត្យ ជាមួយ ការបញ្ចេញផេះ កម្អែភ្នំភ្លើង​ និងថ្ម។ មន្ត្រីម្នាក់បានប្រាប់ Reuters នៅបន្ទាប់ពីការផ្ទុះភ្នំភ្លើងនេះ ចរន្តអគ្គិសនីបានដាច់ ហើយក្រោយមកមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ ដែលបង្កឱ្យមានការភ័យខ្លាចដល់ ប្រជាជន។ មន្ត្រីរូបនេះដដែល បានបន្ថែមថាគិតត្រឹមព្រឹកថ្ងៃចន្ទនេះ មានមនុស្សយ៉ាងហោច ៩នាក់បានស្លាប់ រីឯភូមិចំនួន៧ បានរងផលប៉ះពាល់ពីការផ្ទុះភ្នំភ្លើង។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី​ មានទីតាំងភូមិសាស្ត្រស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលជារឿយធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះរងគ្រោះដោយសារគ្រោះរញ្ជួយដី និងភ្នំភ្លើងផ្ទុះ។ ជាក់ស្ដែង កាលពីខែឧសភាកន្លងទៅ ភ្នំភ្លើងឈ្មោះ Ruang នៅខេត្ត North Sulawesi បានផ្ទុះ និងជំរុញឱ្យអាជ្ញាធជម្លៀសមនុស្សច្រើនជាង ១២០០០នាក់។ ចំណែក ក្នុងខែឧសភាដដែលនោះដែរ ភ្នំភ្លើង Marapi នៅខេត្ត West Sumatra បានបញ្ចេញកម្អែត្រជាក់ គ្របដណ្ដប់លើភូមិជាច្រើនដែលទើបតែរងគ្រោះដោយសារទឹកជំនន់ ដោយសម្លាប់មនុស្ស១១នាក់ និងជាង៦០នាក់រងរបួស៕