អ៉ីរ៉ង់ ព្រមានថានឹងសងសឹកអ៉ីស្រាអែល យ៉ាងសាហាវ

Oplus_131072

(តេហេរ៉ង់)៖ អ៉ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា បានព្រមានថាខ្លួននឹងធ្វើការសងសឹកយ៉ាងសាហាវ ហើយធ្វើឱ្យអ៉ីស្រាអែលស្ដាយក្រោយ ចំពោះការវាយប្រហារ តាមផ្លូវអាកាសលើមូលដ្ឋានយោធានៅលើទឹកដីអ៉ីរ៉ង់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Oplus_131072

យន្ដហោះចម្បាំងអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងយោធារបស់អ៉ីរ៉ង់ ជាការសងសឹកទៅនឹងការវាយប្រហារដោយមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ លើអ៉ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា។ ចាប់តាំងពីថ្ងៃទី២៦ ខែតុលាមក អ៉ីស្រាអែលបានព្រមានអ៉ីរ៉ង់ថាខ្លួនអាចនឹងសងសឹកធ្ងន់ធ្ងរជាងនេះទៀត ប្រសិនបើហ៊ានបាញ់តដៃ ខណៈតេហេរ៉ង់បាននិយាយថាខ្លួនមិនមានចេតនាធ្វើសង្រ្គាមនោះទេ ប៉ុន្តែបានសន្យាថានឹងសងសឹកអ៉ីស្រាអែលវិញ។

ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim បានស្រង់សម្ដីពីលោក Mohammad Mohammadi Golpayegani ជាជំនួយការជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ ដែលបាន គូសបញ្ជាក់ដូច្នេះថា «សកម្មភាពថ្មីៗនេះរបស់របប Zionist (អ៉ីស្រាអែល) នៅក្នុងការវាយប្រហារលើផ្នែកខ្លះនៃទឹកដីរបស់យើង គឺជាទង្វើយ៉ាងគឃ្លើន ហើយ សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នឹងធ្វើការសងសឹកវិញយ៉ាងសាហាវ និងធ្វើឱ្យអ៉ីស្រាអែលស្ដាយក្រោយ»

គួរបញ្ជាក់ថា យោធាអ៉ីរ៉ង់ បានឱ្យដឹងថាការវាយប្រហាររបស់អ៉ីស្រាអែលបានបង្កការខូចដល់ប្រព័ន្ធរ៉ាដាមួយចំនួន និងសម្លាប់ទាហានអ៉ីរ៉ង់៤នាក់ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ រាយការណ៍ថាក៏មានជនស៊ីវិលស្លាប់ផងដែរ តែមិនបានបញ្ជាក់ពីចំនួននោះទេ៕