កូរ៉េខាងជើង បញ្ជាក់ពីការធ្វើតេស្ដមីស៊ីល ICBM ខ្នាតយក្សស៊េរីថ្មី Hwasong-19

Oplus_131072

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកានេះបានរាយការណ៍ថាកូរ៉េខាងជើងបានសម្ញែងសាច់ដុំយោធាជាមួយការធ្វើតេស្ត មីស៊ីលបាលិស្ទីគអន្តរទ្វីបខ្នាតយក្សស៊េរីថ្មីប្រើឥន្ធនៈរឹងមានឈ្មោះថា Hwasong-19 នៅចំពោះមុខការថ្កោលទោសពីបណ្ដាលោកខាងលិច ពាក់ព័ន្ធនឹងការបញ្ជូន កងទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

មីស៊ីលដែលកូរ៉េខាងជើង បានធ្វើតេស្ដបាញ់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានហោះនៅរយៈកម្ពស់ដ៏ខ្ពស់បំផុតមួយ បើធៀបទៅនឹងមីស៊ីលដែលព្យុងយ៉ាងបានធ្វើ តេស្តកន្លងមក ខណៈកូរ៉េខាងត្បូង និងជប៉ុន ក៏បានបញ្ជាក់ដែរថាមីស៊ីលនេះបានហោះចូលយ៉ាងជ្រៅទៅក្នុងលំហអាកាស មុននឹងធ្លាក់ចូលសមុទ្រនៅចន្លោះជប៉ុន និងរុស្ស៉ី។

KCNA បានចាត់ទុកមីស៊ីល Hwasong-19 គឺជាមីស៊ីលយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។ «ការធ្វើតេស្ដមីស៊ីល ICBM ស៊េរីថ្មីបានបង្ហាញដល់ ពិភពលោកថាយើងសម្រេចបាននូវអនុត្តរភាពនៃការអភិវឌ្ឍ និងការផលិតមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ»។ នេះជាការលើកឡើងរបស់លោក គីម ជុងអ៊ុន ដែលត្រូវបានដកស្រង់សម្ដីដោយ KCNA។

គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM របស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនពេលសហរដ្ឋអាមេរិក ត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមទាំងអឺរ៉ុបបានថ្កោលទោសការធ្វើតេស្ដមីស៊ីលរបស់ ព្យុងយ៉ាង​៕