សហរដ្ឋអាមេរិក រកឃើញវីរុសផ្ដាសាយបក្សី H5N1 ក្នុងខ្លួនសត្វជ្រូក ជាលើកដំបូង

Oplus_131072

(CHICAGO)៖ ក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៣០ ខែតុលា បាននិយាយថាវីរុសផ្ដាសាយបក្សី H5N1 ត្រូវបានរកឃើញនៅក្នុងខ្លួនសត្វជ្រូកមួយក្បាល នៅឯកសិដ្ឋានមួយកន្លែង ក្នុងរដ្ឋ Oregon ដែលនេះជាការឃើញវីរុសនេះជាលើកដំបូងនៅក្នុងខ្លួនសត្វជ្រូកនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

Oplus_131072

ការឆ្លងវីរុស H5N1 ទៅសត្វជ្រូក បាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីហានិភ័យនៃការឆ្លងរាលដាលជំងឺផ្ដាសាយ នោះក៏ដោយសារតែសត្វជ្រូកអាចនឹងក្លាយជា អន្តរការីចម្លងវីរុសរវាងសត្វបក្សី និងមនុស្ស ហើយអាចបម្រែបម្រួលហ្សែនក្លាយជាវីរុសបំប្លែងថ្មីកាន់តែមានគ្រោះថ្នាក់ និងឆ្លងទៅកាន់មនុស្សងាយស្រួលជាងមុន។

ប៉ុន្តែ មកទល់ពេលនេះ ក្រសួងកសិកម្មអាមេរិក បានបញ្ជាក់ថាមិនមានហានិភ័យខ្ពស់ដល់ការផ្គត់ផ្គង់សាច់ជ្រូកនៅទូទាំងប្រទេស បង្កឡើងដោយករណីវីរុស H5N1 ក្នុងរដ្ឋ Oregon នោះទេ ហើយហានិភ័យដល់សាធារណៈបង្កឡើងដោយវីរុសផ្ដាសាយបក្សីក៏ស្ថិតនៅកម្រិតទាបផងដែរ។

គួរបញ្ជាក់ថា សត្វជ្រូកត្រូវបានគេរកឃើញថាជាប្រភពចម្លងជំងឺផ្ដាសាយបក្សីក្នុងឆ្នាំ២០០៩ ដល់ឆ្នាំ២០១០៕