រុស្ស៉ី សួរ UN៖ បើលោកខាងលិចជួយអ៊ុយក្រែនបាន ចុះហេតុអ្វីកូរ៉េខាងជើងមិនអាចជួយរុស្ស៉ី?

(យូអិន)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) ​លោក Vassily Nebenzia បានចោទសួរថាហេតុអ្វីសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាកូរ៉េខាងជើង មិនអាចជួយ ទីក្រុងមូស្គូបាននៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ខណៈបណ្ដាប្រទេសលោកខាងលិចអះអាងថាពួកគេមានសិទ្ធិជួយទីក្រុងកៀវដែរនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Vassily Nebenzia បានប្រឈមមុខនឹងការសួរដេញដោល នៅឯក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃពុធ ទី៣០ ខែតុលា ពីសំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កូរ៉េខាងត្បូង អ៊ុយក្រែន និងប្រទេសមួយចំនួនទៀត ដែលសុទ្ធសឹងតែបានចោទរុស្ស៉ីថាបានបំពានដំណោះស្រាយ UN និងធម្មនុញ្ញបង្កើត UN តាមរយៈការដាក់ពង្រាយ កងទ័ពកូរ៉េខាងជើងដើម្បីជួយទីក្រុងមូស្គូ។

«ការគំាទ្រសកម្មភាពឈ្លានពានណាមួយដែលបំពានទាំងស្រុងលើគោលការណ៍របស់ធម្មនុញ្ញ UN គឺជាអំពើខុសច្បាប់»។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំ​ UN លោក Joonkook Hwang ដោយបន្ថែមថា «សកម្មភាពណាមួយដែលតម្រូវឱ្យ DPRK (កូរ៉េខាងជើង) បញ្ជូនកងទ័ពទៅកាន់រុស្ស៉ីជាទង្វើបំពានយ៉ាងច្បាស់ក្រឡែត លើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខ»។ ក៏ប៉ុន្តែ លោក Nebenzia បាននិយាយថាទំនាក់ទំនងយោធារបស់រុស្ស៉ីជាមួយកូរ៉េខាងជើង មិនបានបំពានច្បាប់អន្តរជាតិ នោះទេ។ លោកបន្តថា «ហើយបើទោះជារឿងគ្រប់យ៉ាងដែលត្រូវបាននិយាយពីទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាងជើង ដោយសហសេវិកលោកខាងលិចរបស់យើងគឺជាការពិត ក៏ដោយ ចុះហេតុអ្វីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនព្យាយាមបញ្ចុះបញ្ចូលឱ្យគេឯងយល់ថាពួកគេមានសិទ្ធិ ដើម្បីជួយរបបហ្សេលេនស្គី…ហើយចុះសម្ព័ន្ធមិត្តរបស់រុស្ស៉ីវិញ គឺគ្មានសិទ្ធិជួយរុស្ស៉ីមែនទេ?»

គួរបញ្ជាក់ថា ជាការឆ្លើយទៅនឹងការលើកឡើងរបស់លោក Nebenzia ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំ UN លោក Sergiy Kyslytsya បានឆ្លើយតបថាគ្មានប្រទេសណាមួយ ដែលផ្ដល់ជំនួយដល់អ៊ុយក្រែន ធ្វើឡើងក្រោមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនោះទេ៕