លោក ជា វ៉ាន់ដេត៖ ទស្សនៈវិស័យរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺ ប្រែក្លាយដំណើរការការងាររដ្ឋាភិបាលកម្ពុជា ឱ្យទៅជារដ្ឋាភិបាលឈ្លាសវៃ

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្ដាលស្ដីពី «ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល» ជូនអនុប្រធាន និងសមាជិកនៃ គ.រ.ឌ. នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក​ លោកស្រី ជាថ្នាក់ដឹកនាំពីក្រសួង ស្ថាប័នពាក់ព័ន្ធ អនុប្រធាន និងសមាជិកនៃ គ.រ.ឌ. ទាំងអស់ ដែលមានចំនួនសរុបប្រមាណ ១០០នាក់។

វគ្គបណ្ដុះបណ្ដាលស្ដីពី «ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល» ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពី អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃ គ.រ.ឌ. ដើម្បីចូលរួមចំណែកក្នុងការពង្រឹងសេវាសាធារណៈ ប្រកបដោយទំនុកចិត្ត តម្លាភាព និងប្រសិទ្ធភាពខ្ពស់។

វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើង ដោយមានរួមបញ្ចូលវគ្គបទឧទ្ទេសនាម កិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ និងបទពិសោធនានាពីសាស្ត្រាចារ្យ និងវាគ្មិនកិត្តិយសពីស្ថាប័នអន្តរជាតិពាក់ព័ន្ធនឹងនិន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅក្នុងវិស័យសាធារណៈនិងវិស័យឧស្សាហកម្ម ការកំណត់អត្តសញ្ញាណ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការយល់ដឹងពីគោលការណ៍ ចម្បងនិងក្របខណ្ឌនៃអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាព និងទាញយកផលប្រយោជន៍ ពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទស្សនៈវិស័យរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺប្រែក្លាយដំណើរការការងាររដ្ឋាភិបាលកម្ពុជា ឱ្យទៅជារដ្ឋាភិបាលឈ្លាសវៃ ដោយបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងបង្កើនទំនុកចិត្តពីធុរកិច្ច និងប្រជាជនក្នុងរយៈពេល១៥ឆ្នាំ ដើម្បីជាឧត្តមប្រយោជន៍នៃការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន៕