ឥណ្ឌូណេស៉ី ចាប់ខ្លួនអតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម ក្នុងករណីពុករលួយ លើការនាំចូលស្ករស

Oplus_131072

(ហ្សាការតា)៖ អាជ្ញាធរសើបអង្កេតអំពើរពុករលួយ របស់ប្រទេសឥណ្ឌូណេស៉ី បានចាប់ខ្លួនអតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Thomas Trikasih Lembong ដោយសង្ស័យផ្តល់លិខិតអនុញ្ញាត ឱ្យនាំ​ចូល​ស្ករ​ស មិន​ត្រឹម​ត្រូវ​ក្នុង​ឆ្នាំ ២០១៥ ​នាំ​ឱ្យ​ខាត​បង់​ចំនួនថវិកា ២៥លាន​ដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ ២០២៤។

Oplus_131072

លោក Lembong ត្រូវបានកំណត់ជាជនសង្ស័យ និងត្រូវចាប់ខ្លួន កាលពីថ្ងៃអង្គារ តាមការបង្គាប់របស់រដ្ឋអាជ្ញា នៃការិយាល័យអគ្គមេធាវីឥណ្ឌូណេស៉ី ក្រោមការចោទប្រកាន់ថាបាន ផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយ នាំចូលស្ករស ចំពេលដែលប្រទេសមានបរិមាណស្ករស ច្រើនស្រាប់ទៅហើយ។

រដ្ឋអាជ្ញា លោក Abdul Qohar បានប្រាប់សន្និសីទសារព័ត៌មានថា «កាលពីពេលនោះ ឥណ្ឌូណេស៉ី មិនមានតម្រូវការ នាំចូលស្ករសទេ ប៉ុន្តែ លោក Lembong បានអនុញ្ញាតឱ្យនាំចូលស្ករស ប្រភេទគ្រីស្តាល់ ១០៥,០០០តោន។ គ្មានការសុំយោបល់ពីស្ថាប័ន ឬសេចក្តីណែនាំណាមួយ ពីក្រសួងឧស្សាហកម្មទេ ខណៈការសម្រេចចិត្តនេះ នាំឱ្យខាតបង់ថវិកា ២៥.៤២លានដុល្លារ»។

គួរបញ្ជាក់ថា ការិយាល័យអគ្គមេធាវីឥណ្ឌូណេស៉ី បានច្រានចោលនូវការចោទប្រកាន់ ដែលថានេះ ជាចំណាត់ការនយោបាយ។ Reuters មិនអាចទាក់ទងសុំការបំភ្លឺពី លោក Lembong ឬមេធាវីរបស់លោក បាននោះទេ។ លោក Lembong កាន់តួនាទីជារដ្ឋមន្រ្តីពាណិជ្ជកម្ម ចន្លោះឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ហើយក៏ជាជំនួយការ សរសេរសុន្ទរកថាអន្តរជាតិ ឱ្យអតីតប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ ផងដែរ៕