កម្ពុជា និងចិនរួមទាំងប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាប្រទេសឡានឆាង-មេគង្គ ៤ផ្សេងទៀត ជំរុញការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ

(ភ្នំពញ)៖ ក្រសួងព័ត៌មានប្រទេសកម្ពុជា និង វិទ្យុសំឡេងឈូងសមុទ្រ ប៉ីប៉ ( Beibu) នៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី ចិន ព្រមទាំងបណ្តាប្រទេសនៅជាប់ដងទន្លេមេគង្គផ្សេងទៀត បានជំរុញការការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃដើម្បីបង្កើតអនាគត ក្នុងគោលបំណង បង្កើនការយល់ដឹងដល់ប្រជាជនក្នុងតំបន់មេគង្គ-ឡានឆាង កាន់តែទូលំទូលាយថែមទៀត។

ការជំរុញនេះ ធ្វើឡើងតាមរយៈការចូលរួម ដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិតពីចម្ងាយ ក្នុងកិច្ចប្រជុំរួម ប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំង ប្រាំមួយ នៃបណ្តាប្រទេសឡានឆាង – មេគង្គឆ្នាំ២០២៤ ស្ដីពី “សមាហរណកម្មប្រព័ន្ធផ្សពផ្សាយឆ្លាតវៃដើម្បីបង្កើតអនាគត” នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េរាជធានីភ្នំពេញ។

ប្រាប់អ្នកសារព័ត៌មាននៅ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនាព្រឹកនោះ ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា ស្ថិតក្នុងយុគសម័យ សារព័ត៌មានឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ បានក្លាយជាឧបករណ៍ ដ៏សំខាន់បំផុតក្នុងការភ្ជាប់ មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិង ប្រជាជន។ ការរៀបចំប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ មិនមែនត្រឹមតែសំដៅលើការរួមបញ្ចូល បច្ចេកវិទ្យាថ្មីៗទេ ប៉ុន្តែវាជារបត់ថ្មីមួយជួយដល់ស្ថាប័នសារព័ត៌មាន និងផ្សព្វផ្សាយ អាចបំពេញតាមតម្រូវការ របស់សាធារណជន តាមរយៈការប្រើប្រាស់បញ្ញាសប្បនិមិត្ម AI និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្ដម បន្ដបន្ថែមថា ការបង្កើតនិរន្តរភាពក្នុងការផ្សព្វផ្សាយ, កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងការគ្រប់គ្រង និងការពារទិន្នន័យ ដែលស្ថាប័នព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង បានចូលរួមយ៉ាងសកម្ម ក្នុងការកសាងសង្គម ដែលមានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការផលិតព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសុក្រិតភាពផងដែរ។

លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានមានប្រសាសន៍ថា នាពេលកន្លងមកវិទ្យុជាតិកម្ពុជា និងវិទ្យុសំឡេងឈូងសមុទ្រ ប៉ីប៊ូ (Beibu) នៃស្ថានីយវិទ្យុនិងទូរទស្សន៍ក្វាងស៊ី មានកិច្ចសហប្រតិបត្ដិការជាមួយគ្នាយ៉ាងល្អប្រសើរ ហើយវិទ្យុជាតិកម្ពុជាក៏បានផ្ដល់ការិយាល័យធ្វើការ និងចាក់ផ្សាយរឿងភាគនិទានចិន បទយកការណ៍ និងផ្លាស់ប្ដូរព័ត៌មានសំខាន់ៗជាច្រើនទៀត។

ជាមួយគ្នានេះ លោកជំទាវ ឈឹមពៅ សុកាន់ឌី បានសង្ឃឹមថា នាពេលខាងមុខនេះ វិទ្យុជាតិកម្ពុជា និងវិទ្យុសំឡេងឈូងសមុទ្រ ប៉ីប៊ូ (Beibu) នឹងមានកិច្ចសហប្រតិបត្ដិការ កាន់តែច្រើនបន្ថែមទៀត ក្នុងការផ្សព្វផ្សាយព័ត៌មានវិស័វប្បធម៌ និងវិស័យទេសចររវាងប្រទេសទាំងពីរ។

លោកស្រី Wen Hongren នាយកវិទ្យុសំឡេងឈូងសមុទ្រ Beibu នៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី បានលើកឡើងថា កិច្ចប្រជុំរួម ប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងប្រាំមួយ បណ្តាប្រទេសឡានឆាង – មេគង្គឆ្នាំ២០២៤ ស្ដីពី “សមាហរណកម្ម ប្រព័ន្ធផ្សពផ្សាយឆ្លាតវៃដើម្បីបង្កើតអនាគត “គឺក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្ដិការ រវាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាប្រទេសទាំងប្រាំមួយឡានឆាង – មេគង្គ រួមមានចិន ភូមា ថៃ ឡាវ កម្ពុជា វៀតណាម។ លោកស្រី បន្ដថា កិច្ចសហប្រតិបត្ដិការនាពេលនេះ នឹងនាំមកនូវផលប្រយោជន៍រួមរវាងប្រទេសទាំង៦ តាមរយៈការជំរុញ ផ្សព្វផ្សាយព័ត៌មានឆ្លាតវៃ ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែសកម្មឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ នៃបណ្តាប្រព័ន្ធផ្សព្វផ្សាយជាប់ទន្លេមេគង្គ-ឡានឆាង បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៦ បង្ហាញពីគោលបំណងប្រាថ្នារួម របស់ថ្នាក់ដឹកនាំ នៃប្រទេសសមាជិកមេគង្គ-ឡានឆាងទាំង៦ លើកកម្ពស់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់ និងពិភពលោក៕