សហរដ្ឋអាមេរិក ទទួលស្គាល់ថាកងទ័ពកូរ៉េខាងជើងមួយក្រុមតូច កំពុងស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៉ី

Oplus_131072

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារ ទី២៩ ខែតុលា បាននិយាយថាកងទ័ពកូរ៉េខាងជើងមួយក្រុមតូច ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី ស្ថិតនៅក្បែរ តំបន់ព្រំដែនអ៊ុយក្រែន ជាមួយការបង្ហាញក្ដីបារម្ភផងដែរថាកងទ័ពទាំងនេះអាចនឹងត្រូវបានប្រើប្រាស់នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងកងទ័ពអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

Oplus_131072

នេះគឺជាលើកដំបូងដែលសហរដ្ឋអាមេរិក ទទួលស្គាល់ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅក្នុងតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយលុកថ្មើរជើង និងកាន់កាប់ ទឹកដីរុស្ស៉ីមួយចំនួនក្នុងតំបន់នេះចាប់តាំងពីខែសីហាមក។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder សហរដ្ឋអាមេរិកអាចបញ្ជាក់បានថាមានកងទ័ពកូរ៉េខាងជើងមួយក្រុមតូច ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk រួចទៅហើយ ខណៈកងទ័ពខ្ទង់ពាន់នាក់បន្ថែមទៀតអាចធ្វើដំណើរជិតទៅដល់ ឬអាចនឹងទៅដល់តំបន់នេះក្នុងពេលឆាប់ៗ។

លោក Ryder បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាមានការព្រួយបារម្ភថាពួកគេមានចេតនាប្រើប្រាស់កងទ័ពទាំងនោះនៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពអ៊ុយក្រែន ឬយ៉ាងហោចណាស់ ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk»។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះបានបន្ថែមដែរថាគេត្រូវរង់ចាំមើលសិនថាតើកងទ័ពកូរ៉េខាងជើងនឹងត្រូវបាន ប្រើប្រាស់ឱ្យប្រាកដយ៉ាងដូចម្ដេច?

គួរបញ្ជាក់ថា ប្រមុខអង្គការ NATO លោក Mark Rutte បានបញ្ជាក់កាលពីប៉ុន្មានថ្ងៃមុននេះថាកងទ័ពកូរ៉េខាងជើងមានវត្តមាននៅក្នុងតំបន់ Kursk រីឯសហរដ្ឋអាមេរិកនៅពេលនោះបាន បង្ហាញការព្រួយបារម្ភ តែមិនបានទទួលស្គាល់អ្វីទេ។ ទីក្រុងវ៉ាស៊ីនតោនក៏បានបញ្ជាក់ដែរថាមានកងទ័ពកូរ៉េខាងជើងប្រហែល ១០ ០០០នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី៕