កាណាដា ចោទរដ្ឋមន្រ្តីមហាផ្ទៃឥណ្ឌា ថាជាអ្នកនៅពីក្រោយការសម្លាប់ មេដឹកនាំ Sikh កាលពីឆ្នាំមុន

(អូតាវ៉ា)៖ រដ្ឋាភិបាលកាណាដា បានចោទប្រកាន់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah ថាជាអ្នកនៅពីក្រោយផែនការសម្លាប់ មេដឹកនាំក្រុមបំបែកខ្លួន Sikh នៅលើទឹកដីកាណាដា កាលពីឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ ២០២៤។

កាសែតអាមេរិក Washington Post បានរាយការណ៍ដំបូងគេថា មន្ត្រីកាណាដា បានចោទប្រកាន់ លោក Shah ថាជាអ្នកនៅពីក្រោយយុទ្ធនាការនៃអំពើហិង្សា និងការបំភិតបំភ័យ ដែលផ្តោតលើក្រុមបំបែកខ្លួន Sikh នៅក្នុងប្រទេសកាណាដា។ លោក David Morrison អនុរដ្ឋមន្ត្រីការបរទេសកាណាដា បានប្រាប់សមាជិកសភាថា លោកជាអ្នកប្រាប់កាសែតអាមេរិកថា លោក Shah ជាអ្នកនៅពីក្រោយផែនការនេះ។ កន្លងមក រដ្ឋាភិបាលឥណ្ឌា តែងបានច្រានចោលនូវការចោទប្រកាន់ របស់កាណាដា ថាគ្មានមូលដ្ឋានត្រឹមត្រូវ និងបដិសេធនូវភាពជាប់ពាក់ព័ន្ធណាមួយ។ ជុំវិញការចោទប្រកាន់ថ្មីនេះ ស្ថានកុងស៊ុល​ឥណ្ឌា ​ប្រចាំទីក្រុង​អូតាវ៉ា និង​ក្រសួង​ការ​បរទេស​ឥណ្ឌា​ នៅមិនទាន់​មាន​ការ​អត្ថាធិប្បាយ​​ទេ។

គួរបញ្ជាក់ថា ឥណ្ឌាចាត់ទុក Sikh ថាជា «ក្រុមភេរវករ» និងគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។ ក្រុម Sikh បានទាមទារបង្កើតតំបន់ឯករាជ្យ Khalistan នៅលើទឹកដីកំណើតរបស់ខ្លួន ដោយបំបែកចេញពីប្រទេសឥណ្ឌា។ ការបះបោរមួយ នៅក្នុងប្រទេសឥណ្ឌា អំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ រាប់បញ្ចូលទាំងកុបកម្មប្រឆាំងក្រុម Sikh ឆ្នាំ ១៩៨៤ សម្លាប់មនុស្សរាប់ពាន់នាក់ បន្ទាប់ពីការធ្វើឃាតនាយករដ្ឋមន្ត្រី លោកស្រី Indira Gandhi ដោយអង្គរក្សផ្ទាល់របស់លោកស្រីផងដែរ។ ការធ្វើឃាតលោកស្រី Indira Gandhi កើតមានឡើងបន្ទាប់ពីលោកស្រី បញ្ជាឱ្យកងកម្លាំងសន្តិសុខ វាយលុកប្រាសាទ Sikh ដើម្បីកម្ចាត់ក្រុមបំបែកខ្លួន Sikh។

នៅពាក់កណ្តាលខែតុលា កាណាដា បានបណ្តេញអ្នកការទូតឥណ្ឌា ដោយភ្ជាប់ពួកគេទៅនឹងឃាតកម្មឆ្នាំ ២០២៣ លើមេដឹកនាំក្រុមបំបែកខ្លួន Sikh លោក Hardeep Singh Nijjar នៅលើទឹកដីកាណាដា។ រីឯ ឥណ្ឌា​វិញ ក៏​បានបណ្ដេញ​អ្នកការទូត​កាណាដា​ ចេញ​ផងដែរ៕