រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល ព្រមានថាមេដឹកនាំថ្មីរបស់ហេសបូឡា នឹងមិនអាចកាន់តំណែងបានយូរ

Oplus_131072

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កាលថ្ងៃអង្គារ ទី២៩ ខែតុលា បានព្រមានមេដឹកនាំថ្មីរបស់ហេសបូឡា លោក Naim Qassem ថាការតែងតាំង របស់លោកគ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Oplus_131072

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X អមជាមួយរូបភាពលោក Qassem ដែលទើបតែត្រូវបានហេសបូឡាតែងតាំងជាមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ ជំនួសលោក Hassan Nasrallah ដែលត្រូវបានអ៉ីស្រាអែលសម្លាប់កាលពីខែកញ្ញាកន្លងទៅ លោក Gallant បានគូសបញ្ជាក់ដូច្នេះថា «នេះគ្រាន់តែជាការតែងតាំងបណ្ដោះអាសន្ន មិនអាចយូរអង្វែងឡើយ»។ នៅក្នុងសារបង្ហោះជាភាសា Hebrew ដាច់ដោយឡែកមួយទៀត ប្រមុខការពារជាតិអ៉ីស្រាអែលរូបនេះ ក៏បាននិយាយដែរថា «ការរាប់ថយក្រោយបានចាប់ផ្ដើម»

គួរបញ្ជាក់ថា លោក Gallant ដែលបានធ្វើទស្សនកិច្ចទៅកាន់ទីបញ្ជាការភូមិភាគខាងជើងរបស់អ៉ីស្រាអែល កាលពីថ្ងៃអង្គារដែរនោះ បានអះអាងក្រោយការបង្ហោះសាររបស់លោកថា លោកផ្ទាល់វាយតម្លៃថាឃ្លាំងរ៉ុក្កែតរបស់ហេសបូឡាមួយភាគធំត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៉ីស្រាអែល៕