លោក ពូទីន លើកពីហានិភ័យនៃការផ្ទុះសង្រ្គាមទូទាំងមជ្ឈិមបូព៌ា ចំពេលមានការវែកញែកពីសង្រ្គាមអ៊ុយក្រែន

(មូស្គូ)៖ ការពិភាក្សាជាច្រើន នៅឯកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុង Kazan របស់រុស្ស៉ី បានរំលឹកអំពីសង្រ្គាមនៅអ៊ុយក្រែន និងជម្លោះកាន់តែធ្ងន់ធ្ងរនៅតំបន់មជ្ឈិមបូព៌ា បើទោះបីជា មិនមានសញ្ញាណាជាក់លាក់ណាមួយ ដែលនឹងអាចជួយដល់ការបញ្ចប់ជម្លោះទាំងពីរ ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០២៤។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់បណ្តាមេដឹកនាំនៃក្រុមប្រទេស BRICS កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «កម្រិតនៃការប្រឈមមុខដាក់គ្នារវាងអ៉ីស្រាអែល និងអ៉ីរ៉ង់បានកើនឡើងយ៉ាងខ្លាំង។ ទាំងអស់នេះ អាចឱ្យយើងនិយាយបានថា តំបន់មជ្ឈិមបូព៌ាទាំងមូល ស្ថិតនៅលើមាត់ជ្រោះនៃសង្រ្គាមពេញលេញ»

ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ដែលអង្គុយក្បែរ លោក ពូទីន បាននិយាយថា ចិន ចង់បានដំណោះស្រាយនយោបាយនៅអ៊ុយក្រែន ហើយលើកជាសំណើឱ្យយកកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយទីក្រុងប៉េកាំង និងទីក្រុង Brasilia បង្កើតជាសន្តិភាព។ លោក ស៉ី គូសបញ្ជាក់ថា «យើងត្រូវធ្វើការ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ឱ្យបានឆាប់រហ័ស និងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយនយោបាយ»

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយថា សន្តិភាពគឺចាំបាច់នៅក្នុងតំបន់ហ្កាហ្សា លីបង់ ស៊ូដង់ និងអ៊ុយក្រែន។ លោកបានប្រាប់កិច្ចប្រជុំ BRICS+ ដូច្នេះថា «យើងត្រូវការសន្តិភាពនៅអ៊ុយក្រែន ស្របតាម​ធម្មនុញ្ញ​ UN ច្បាប់​អន្តរជាតិ និង​សេចក្តីសម្រេច​របស់​មហាសន្និបាត​ UN»