លោក ស៊ី ជីនពីង ប្រាប់លោក ពូទីនថា ពិភពលោកកំពុងចលាចល តែមិត្តភាពរបស់ចិនជាមួយរុស្ស៉ី នឹងឋិតឋេរជានិរន្តរ៍

(KAZAN, រុស្ស៉ី)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ថាពិភពលោកសព្វថ្ងៃកំពុងស្ថិតនៅក្នុងភាពចលាចល ប៉ុន្តែភាពជាដៃគូយុទ្ធសាស្ត្ររបស់ ប៉េកាំងជាមួយមូស្គូ គឺជាកម្លាំងមួយដើម្បីរក្សាស្ថិរភាព នៅក្នុងបរិបទនៃការផ្លាស់ប្ដូរដ៏សំខាន់មិនធ្លាប់មានក្នុងពេលមួយស.វមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ស៊ី ជីនពីង ធ្វើការកត់សម្គាល់បែបនេះ នាឱកាសជួបពិភាក្សាការងារជាមួយលោក ពូទីន នៅឯទីក្រុង Kazan ប្រទេសរុស្ស៉ីជាទីដែលកិច្ចប្រជុំកំពូល BRICS កំពុងប្រព្រឹត្តទៅ។ លោក ស៊ី ជីនពីង បានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលបច្ចុប្បន្ន ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្ដូរដែលគេមិនធ្លាប់បានឃើញក្នុងពេល១០០ឆ្នាំមកនេះ ដោយស្ថានការណ៍អន្តរជាតិកំពុងស្ថិតនៅក្នុង ភាពចលាចល»។ លោកប្រធានាធិបតីចិនបន្ថែមថា «ប៉ុន្តែខ្ញុំមានជំនឿយ៉ាងមុតមាំថាទំនាក់ទំនងមិត្តភាពរវាងចិន និងរុស្ស៉ី នឹងបន្តឋិតឋេរសម្រាប់អ្នកជំនាន់ក្រោយ ហើយការទទួលខុសត្រូវដ៏ ធំធេងរបស់ប្រទេសទាំង២ចំពោះប្រជាជនរបស់ខ្លួន នឹងមិនមានការផ្លាស់ប្ដូរនោះទេ»

ជាការឆ្លើយតបផងដែរ លោក ពូទីន បាននិយាយថាកិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៉ី នៅក្នុងកិច្ចការពិភពលោក គឺជាកត្តាមួយដ៏សំខាន់នៅក្នុងចំណោមកត្តាជួយថែរក្សាស្ថិរភាព ពិភពលោក។ «យើងមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើគ្រប់វេទិកាពហុភាគី ក្នុងគោលបំណងធានាឱ្យនូវសន្តិសុខសកល និងសណ្ដាប់ធ្នាប់ពិភពលោកប្រកបដោយភាពយុត្តិធម៌»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ពូទីន។

គូរបញ្ជាក់ថា សហរដ្ឋអាមេរិក បានចាត់ទុកចិនជាគូប្រជែងដ៏ធំបំផុតរបស់ខ្លួន ហើយរុស្ស៉ីជាប្រទេសដែលគំរាមកំហែងធំបំផុត ដោយលោក ចូ បៃដិនបានសង្កត់ធ្ងន់ពីការប្រជែងរវាងប្រទេស ប្រជាធិបតេយ្យប្រឆាំងនឹងប្រទេសផ្ដាច់ការ ដែលលោកចុចចំឈ្មោះតួយ៉ាងដូចជារុស្ស៉ី និងចិន៕