អ៉ីស្រាអែល ប្រកាសថាខ្លួនបានសម្លាប់អ្នកស្នងតំណែងជាមេដឹកនាំថ្មី របស់ហេសបូឡា

Oplus_131072

(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល កាលពីថ្ងៃអង្គារ ទី២២ ខែតុលា បានប្រកាសថាខ្លួនបានសម្លាប់លោក Hashem Safieddine ជាមនុស្សម្នាក់ដែលត្រូវបានគេសន្មត់ថាត្រូវឡើង ស្នងតំណែងជាមេដឹកនាំហេសបូឡាថ្មីជំនួសលោក Hassan Nasrallah ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលកាលពីខែកញ្ញា លើរដ្ឋធានីបេរូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

បើតាមយោធាអ៉ីស្រាអែល លោក Safieddine ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយកាលពីជាង៣សប្ដាហ៍មុន លើភាគខាងត្បូងនៃរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយនេះគឺជាការទទួលស្គាល់ផ្លូវការជាលើកដំបូងរបស់អ៉ីស្រាអែល បន្ទាប់ពីបានសន្និដ្ឋានកាលពីដើមខែតុលានេះថាលោក Safieddine ប្រហែលជាត្រូវបានសម្លាប់។ ប៉ុន្តែ ភ្លាមៗ ខាងហេសបូឡា មិនទាន់ធ្វើប្រតិកម្មអ្វីឆ្លើយតបទៅនឹងការអះអាងរបស់អ៉ីស្រាអែលពីការសម្លាប់លោក Safieddine នោះឡើយទេ។

ចំណែក ប្រមុខកងទ័ពអ៉ីស្រាអែល លោក Herzi Halevi បាននិយាយថាអ៉ីស្រាអែលបានសម្លាប់លោក Nasrallah អ្នកបន្តវេនពីលោក Nasrallah (Safieddine) ព្រមទាំង ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរបស់ហេសបូឡា ហើយថានឹងតាមកម្ទេចរាល់អ្នកទាំងឡាយណាដែលគំរាមកំហែងដល់សន្តិសុខនៃប្រជាជនអ៉ីស្រាអែល។

គួរបញ្ជាក់ថា ជាសាច់ញាតិម្នាក់របស់លោក Nasrallah លោក Safieddine ត្រូវបានតែងតាំងជាសមាជិកក្នុងក្រុមប្រឹក្សា Jihad របស់ក្រុមហេសបូឡា ហើយក្រុមប្រឹក្សានេះមាន ភារកិច្ចទទួលខុសត្រូវលើប្រតិបត្តិការយោធា ត្រួតពិនិត្យហិរញ្ញវត្ថុ និងកិច្ចការរដ្ឋបាលរបស់ហេសបូឡា៕