គ្រោះទឹកជំនន់ បំផ្លាញដំណាំស្រូវជាង ១លានតោន នៅបង់ក្លាដែស

(ដាក្កា)៖ ទិន្ន័យពីក្រសួងកសិកម្ម បានឱ្យដឹងថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសបង់ក្លាដែស បានបំផ្លិចបំផ្លាញដំណាំស្រូវប្រមាណ ១.១លានតោន ដែលតម្រូវឱ្យប្រទេសនេះបង្កើនការនាំចូល ចំពេលតម្លៃស្បៀងអាហារកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។

បង់ក្លាដែស បានរងគ្រោះដោយភ្លៀងមូសុងប្រចាំឆ្នាំ និងព្យុះធំៗពីរលើក កាលពីខែសីហា និងខែតុលានេះ បណ្តាលឱ្យមនុស្ស ៧៥នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងជើង ដែលផលដំណាំត្រូវរងការខូចខាតធ្ងន់ធ្ងរ។ ជាការឆ្លើយតប រដ្ឋាភិបាល កំពុងជំរុញការនាំចូលអង្ករចំនួន ៥០០,០០០តោន ហើយនឹងអនុញ្ញាតឱ្យមានការនាំចូលពីវិស័យឯកជន ក្នុងពេលឆាប់ៗ។ ទឹកជំនន់​ ក៏បានបង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ដំណាំ​កសិផល​ផ្សេងទៀត រួមទាំង​បន្លែ​ជាង ​២០​ម៉ឺន​តោន​ផងដែរ​។ គ្រាន់តែការខាតបង់ផ្នែកកសិកម្មសរុប នៅទូទាំងប្រទេស មានប្រហែល ៣៨០លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា បង់ក្លាដែស ជាប្រទេសផលិតអង្ករធំជាងគេទី ៣របស់ពិភពលោក ដោយជាធម្មតាផលិតបានអង្ករជិត ៤០លានតោនក្នុងមួយឆ្នាំ ដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួនចំនួន ១៧០លាននាក់។ ប៉ុន្តែ គ្រោះមហន្តរាយធម្មជាតិ តែងតែរំខានដល់ផលិតកម្ម និងនាំឱ្យការពឹងផ្អែក លើការនាំចូលកាន់តែកើនឡើង។ របាយការណ៍វិភាគរបស់ធនាគារពិភពលោក ឆ្នាំ ២០១៥ បានប៉ាន់ប្រមាណថាប្រជាជន ៣.៥លាននាក់ កំពុងប្រឈមនឹងហានិភ័យនៃការជន់លិច ដោយទឹកទន្លេប្រចាំឆ្នាំ ហើយវាជាហានិភ័យមួយដែលនឹងកាន់តែអាក្រក់ទៅៗ ដោយសារតែការប្រែប្រួលអាកាសធាតុសកល៕