ប្រធានាធិបតីប្រេស៊ីល លោក Lula លុបចោលទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំ BRICS ក្រោយដួលប៉ះទង្គិចក្បាលរងរបួសតិចតួច

Oplus_131072

(ប្រាស៊ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា បានលុបចោលការធ្វើដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS បន្ទាប់ពីមានវេជ្ជបញ្ជាឱ្យរូបលោកផ្អាកធ្វើដំណើរផ្លូវឆ្ងាយជាបណ្ដោះអាសន្ន ក្រោយរងរបួសត្រង់ក្បាលដោយសារ ការដួលនៅឯផ្ទះរបស់លោក បង្កឱុ្យមានការហូរឈាមក្នុងខួរក្បាលបន្តិចបន្តួច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីប្រេស៊ីល បានឱ្យដឹងថាលោក Lula មានអាយុ៧៨ឆ្នាំ នឹងចូលរួមកិច្ចប្រជុំ BRICS តាមរយៈវីដេអូខុនហ្វេរិន។ លោក Lula ដំបូងឡើយ មានគម្រោងចេញដំណើរទៅកាន់រុស្ស៉ី នៅម៉ោង៥រសៀល កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែ វេជ្ជបណ្ឌិតរបស់លោក Lula គឺលោក Roberto Kalil បាន លើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ GloboNews TV ថាលោកប្រធានាធិបតីបានដួលបណ្ដាលឱ្យរងរបួសត្រង់ក្បាលផ្នែកខាងក្រោយ បង្កឱ្យមានឈាមហូរ ក្នុងខួរក្បាលបន្តិចបន្តួច ដែលតម្រូវឱ្យបន្តការពិនិត្យតាមដាន និងធ្វើតេស្ដជាច្រើនដង។

លោក Roberto Kalil បានបញ្ជាក់ទៀតថាលោក Lula មានសុខភាពល្អធម្មតា ហើយអាចបំពេញការងារជាធម្មតា តែត្រូវចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា រដ្ឋាភិបាលប្រេស៊ីល បានសម្រេចចិត្តចាត់តាំងឱ្យរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira ដឹកនាំគណៈប្រតិភូប្រេស៊ីលចូលរួមកិច្ចប្រជុំកំពូល BRICS តំណាងឱ្យលោក Lula។ កិច្ចប្រជុំ BRICS នឹងត្រូវប្រព្រឹត្តទៅនៅឯទីក្រុង Kazan ប្រទេសរុស្ស៉ី ចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕