(ខត្តកោះកុង) អង្គកឋិនទានមហាសាមគ្គីរបស់សប្បុរសជន និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយក្រោមគំនិតផ្តួចផ្តើម ពីប្រជាពលរដ្ឋនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅព្រឹកថ្ងៃទី២០ខែតុលា ឆ្នាំ២០២៤នេះ ទទួលបានបច្ច័យចំនួនជាង៥០លានរៀល។
លោក អាចារ្យ ពិន សោភ័ណ្ឌ គណ:កម្មការ វត្តអង្គសិលាមុនី(ហៅវត្តថ្មស) មានប្រសាសន៍ថា បុណ្យកឋិន ជាពិធីបែបព្រះពុទ្ឋសាសនាបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែរចូលទេទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។
ជុំវីញអង្គកឋិនទាននេះដែរ ព្រះរតនបេមរង្សី រាជាគណ:ថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពិសទ្ធមុនី ខឹម ខុន ព្រះអនុគុណស្រុកបូទុមសាគរ និងជាព្រះចៅអធិការវត្តអង្គសិលាមុនី(ហៅវត្តថ្មស) បានពន្យល់ថា កឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ៕