មន្ត្រីតៃវ៉ាន់ ថាចិនកំពុងពង្រឹងសមត្ថភាព ដើម្បីវាយប្រហារឱ្យបានលឿនរហ័សលើតៃវ៉ាន់

(តៃប៉ិ)៖ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បាននិយាយថាចិនកំពុងកសាងសមត្ថភាពរបស់ខ្លួន ដើម្បីប្រែក្លាយភ្លាមៗពីការធ្វើសមយុទ្ធយោធា ទៅជាការវាយប្រហារ ទាំងស្រុងមួយ ដែលនេះជាការវាយតម្លៃមួយរបស់រដ្ឋាភិបាលតៃប៉ិ ពីចេតនាជាយុទ្ធសាស្ត្ររបស់ចិននៅពីក្រោយការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់កាលពីដើមសប្ដាហ៍ កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិនដែលបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានដឹកនាំការធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ហើយចាត់ទុកថាសមយុទ្ធនេះ ជាសារព្រមានទៅកាន់ជនផ្ដាច់ខ្លួនមួយក្ដាប់តូចនៅតៃវ៉ាន់ បន្ទាប់ពីសុន្ទរកថានាឱកាសថ្ងៃបុណ្យជាតិរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te កាលពីសប្ដាហ៍មុន។ ចិន ប៉ុន្មាន ឆ្នាំចុងក្រោយនេះបានបង្កើនការធ្វើសកម្មភាពយោធាស្ទើរតែប្រចាំនៅជុំវិញតៃវ៉ាន់ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចំនួន៤លើក និងសកម្មភាពល្បាត ដោយយន្ដហោះចម្បាំង និងនាវាចម្បាំងជាញឹកញាប់។

ជុំវិញសកម្មភាពយោធារបស់ចិន មន្ត្រីសន្តិសុខជាន់ខ្ពស់តៃវ៉ាន់ម្នាក់ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាចិនកំពុងបង្កើនការកសាង សមត្ថភាពរបស់ខ្លួន ដើម្បីប្រែក្លាយពីការធ្វើសមយុទ្ធយោធា ទៅជាជម្លោះភ្លាមៗ ហើយសមយុទ្ធយោធារបស់ចិនមានលក្ខណៈកាន់តែគ្រោះថ្នាក់ចំពោះតៃវ៉ាន់ ជាងពេលមុនៗ ទៅទៀត៕