(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ ចូលក្រាបបង្គំគាល់ និងទូលថ្វាយដំណឹងដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលរាជរដ្ឋាភិបាលអនុញ្ញាត ឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងប្រទេសនូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀល។
នៅក្នុងឱកាសនោះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានថ្វាយសៀវភៅចំនួន ៤ក្បាល ស្តីពីក្បាច់មូលដ្ឋានគ្រឹះ ឬក្បាច់បាតខ្លីរបាំព្រះរាជទ្រព្យ តួឆាង តួឆាយរោង តួយក្ស និងតួស្វា ដល់ព្រះមហាក្សត្រ ខណៈដែលសៀវភៅទាំងនេះ គឺជាព្រះរាជូបត្ថម្ភរបស់ទ្រង់ផ្ទាល់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ៕