រដ្ឋមន្រ្តី ប៉េង ពោធិ៍នា កិច្ចប្រជុំពិនិត្យពិភាក្សាពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនៃក្រុមការងារ «ច» វេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ នៃក្រុមការងារ «ច» វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានការចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ទាំងផ្នែករាជរដ្ឋាភិបាល ផ្នែកឯកជន និងតំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាតិ ជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរតាមដានវឌ្ឍនភាពការងារ និងដំណោះស្រាយឆ្លើយតបទៅនឹងការលើកឡើងនានាពីផ្នែកឯកជន ដែលសភាពាណិជ្ជកម្មកម្ពុជាបានស្នើមកក្រសួង រួមទាំងផ្តល់ដំណោះស្រាយស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលធុរកិច្ច ជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញវិនិយោគគិនទាំងក្នុង និងក្រៅប្រទេសផងដែរ៕