រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃអំពាវនាវជាថ្មី ឱ្យទម្លាក់អត្រាការប្រាក់ មុនកិច្ចប្រជុំរបស់ធនាគារកណ្តាល

Oplus_131072

(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Pichai Chunhavajira នៅថ្ងៃអង្គារសប្តាហ៍នេះ បានធ្វើការអំពាវនាវជាថ្មី ឱ្យមានការកាត់បន្ថយអត្រាការប្រាក់ ដែលការអំពាវនាវនេះ ធ្វើឡើងមួយថ្ងៃមុនពេលមានកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល ដែលត្រូវបានព្យាករថានឹងរក្សាអត្រាការ នៅដដែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

Oplus_131072

ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់សម្ដីរបស់លោក Pichai ខណៈថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំប្រចាំសប្តាហ៍ របស់គណៈរដ្ឋមន្ត្រី នៅទីក្រុងបាងកកនៅថ្ងៃអង្គារថា «ពេលវេលាគឺត្រឹមត្រូវ» សម្រាប់ធនាគារកណ្តាលថៃក្នុងការបន្ធូរបន្ថយអត្រាការប្រាក់គោល ដើម្បីជួយដល់សេដ្ឋកិច្ច។ លោកបានបន្តថា អត្រាការប្រាក់ទាបនឹងជួយប្រទេសថៃ ក្នុងការគ្រប់គ្រងលំហូរមូលធនបានកាន់តែប្រសើរ និងបញ្ឈប់ការឡើងថ្លៃប្រាក់បាត។

លោករដ្ឋមន្ត្រីបាននិយាយថា សិទ្ធិអំណាចចុងក្រោយលើគោលនយោបាយរូបិយវត្ថុ គឺស្ថិតនៅលើគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ដែលសម្រេចលើកិច្ចការអត្រាការប្រាក់ ហើយគណៈកម្មាធិការគួរតែពិចារណាលើកត្តាទាំងអស់ ដូចជាអតិផរណាទាបជាដើម ខណៈពេលដែលធ្វើការសម្រេចចិត្ត។

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ដែលដឹកនាំដោយទេសាភិបាលធនាគារកណ្តាលថៃលោក Sethaput Suthiwartnaruput អាចនឹងជំទាស់នឹងការអំពាវនាវឱ្យកាត់បន្ថយអត្រាការប្រាក់ ពីសំណាក់រដ្ឋាភិបាលម្តងទៀត និងរក្សាអត្រាការប្រាក់គោលរបស់ខ្លួន ឱ្យនៅដដែលក្នុងកម្រិត ២,៥% ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ ២០១៣មក នេះបើយោងតាមសេដ្ឋវិទូ ២២នាក់ក្នុងចំណោម ២៧នាក់ដែលបានអង្កេតដោយទីភ្នាក់ងារព័ត៌មាន Bloomberg។ សេដ្ឋវិទូ ៥នាក់ព្យាករថានឹងមានការកាត់បន្ថយអត្រាការប្រាក់ ០,២៥ពិន្ទុភាគរយ។

លោក Pichai បានមានប្រសាសន៍ថា៖ «យើងចង់ឃើញកំណើនសេដ្ឋកិច្ចលឿនជាងមុន ដោយសារកំណើនសេដ្ឋកិច្ចរបស់យើង បានថមថយអស់រយៈពេលជាយូរមកហើយ»។ លោកបានបន្ថែមថា៖ «មានឱកាសកាត់បន្ថយអត្រាការប្រាក់ ហើយពេលវេលាគឺត្រឹមត្រូវ និងស្របតាមស្ថានភាពសេដ្ឋកិច្ចដែលយើងចង់ជំរុញ»៕