ប៉ូលិសអាមេរិក ចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនជាង ២០០នាក់ នៅខាងក្រៅផ្សារភាគហ៊ុនញូវយ៉ក

Oplus_131072

(Reuters)៖ ប៉ូលិសអាមេរិក កាលពីថ្ងៃចន្ទ ទី១៤ ខែតុលា បានចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនជាង ២០០នាក់ ដែលនាំគ្នាអង្គុយនៅខាងមុខផ្សារភាគហ៊ុនក្រុងញូវយ៉ក ( New York Stock Exchange) ដើម្បីទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាំទ្រដល់សង្រ្គាមរបស់អ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

Oplus_131072

ក្រុមបាតុករ ដែលភាគច្រើនមកពីក្រុមសកម្មជនដូចជា Jewish Voice for Peace បានស្រែកពាក្យស្លោក «ទុកឱ្យហ្កាហ្សារស់នៅផង» និងបញ្ឈប់ផ្ដល់មូលនិធិដល់អំពើប្រល័យ ពូជសាសន៍ នៅខាងមុខអគារផ្សារភាគហ៊ុន ស្ថិតនៅក្បែរផ្លូវ Wall Street ក្នុងសង្កាត់ Lower Manhattan។ មិនមានបាតុករណាម្នាក់ចូលទៅក្នុងអគារផ្សារហ៊ុននោះទេ ប៉ុន្តែ មានបាតុករមួយចំនួនបានឆ្លងរនាំងរបស់ប៉ូលិសនៅខាងក្រៅអគារ។ អ្នកនាំពាក្យម្នាក់របស់ប៉ូលិសអាមេរិកបានឱ្យដឹងថាមនុស្ស ២០៦នាក់ត្រូវបានចាប់ខ្លួន ដោយមិនបាន បញ្ជាក់អ្វីលម្អិតនោះទេ ខណៈមានបាតុករជាង ៥០០នាក់ត្រូវបានរាយការណ៍ថាបានចូលរួមក្នុងការតវ៉ានោះ។

គួរបញ្ជាក់ថា នេះជាបាតុកម្មចុងក្រោយបំផុតមួយ ដើម្បីសម្ដែងការខឹងសម្បាររបស់ក្រុមបាតុករទៅនឹងការគាំទ្ររបស់រដ្ឋាភិបាលអាមេរិក ចំពោះសង្រ្គាមរបស់អ៉ីស្រាអែល នៅក្នុង តំបន់ហ្កាហ្សា ដែលបានផ្ទុះឡើង ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយសម្លាប់មនុស្ស ១២០០នាក់ និង២៥០នាក់ត្រូវបានចាប់ខ្លួនជាចំណាប់ខ្មាំង។

អ៉ីស្រាអែលបានសងសឹកវិញជាមួយការទម្លាក់គ្រាប់បែក និងវាយលុកថ្មើរជើងចូលក្នុងតំបន់ហ្កាហ្សា​ ដោយគិតមកទល់នឹងពេលនេះមានជនជាតិប៉ាឡេស្ទីនជិត ៤២ ០០០នាក់ ត្រូវបានសម្លាប់ រីឯប្រជាជនហ្កាហ្សាស្ទើរតែទាំងអស់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕