អ៊ុយក្រែន ជំរុញឱ្យប្រេស៊ីល ចាប់ខ្លួនលោក ពូទីន ប្រសិនបើលោកចូលរួមកិច្ចប្រជុំ​ G20

Oplus_131072

(Reuters)៖ រដ្ឋអាជ្ញាកំពូលរបស់អ៊ុយក្រែន បាននិយាយថារូបលោកទទួលបានព័ត៌មានសម្ងាត់បញ្ជាក់ថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសប្រេស៊ីល នៅខែក្រោយនេះ ហើយបានអំពាវនាវឱ្យអាជ្ញាធរប្រេស៊ីលអនុវត្តដីកាចាប់ខ្លួនមេដឹកនាំរុស្ស៉ីរូបនេះ ប្រសិនបើលោកពិតជាបង្ហាញវត្តមាននៅប្រេស៊ីល មែននោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មានមូលដ្ឋានក្នុងទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីខែមីនា ឆ្នាំ២០២៣ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដោយបង្ខំបណ្ដេញកុមារអ៊ុយក្រែនទៅរុស្ស៉ី។ រុស្ស៉ីបានច្រានចោលការចោទប្រកាន់បែបនេះ និងចាត់ទុកដីការបស់ ICC ជារឿងឥតប្រយោជន៍។ ដោយឡែក ​នៅពេលត្រូវបាន សាកសួរថាតើលោក ពូទីន អាចនឹងចូលរួមកិច្ចប្រជុំកំពូល G20 ដែរឬទេ? អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ទី១៤ ខែតុលាថា «នៅពេលមានការសម្រេចចិត្ត យើងនឹងប្រាប់ឱ្យអ្នកទាំងអស់គ្នាបានដឹង»

អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andriy Kostin បានប្រាប់ Reuters​ នៅក្នុងបទសម្ភាសន៍មួយថាវាជារឿងសំខាន់ណាស់សម្រាប់សហគមន៍អន្តរជាតិ ដើម្បីរួបរួមគ្នា និងត្រូវឱ្យ លោក ពូទីន ទទួលខុសត្រូវ។ បើតាមលោក Kostin លោកផ្ទាល់ទទួលបានព័ត៌មានសម្ងាត់ថាលោក ពូទីន អាចនឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីល នៅខែក្រោយនេះ ហើយលោកក៏បានបញ្ជាក់ឡើងវិញដែរថាវាជាកាតព្វកិច្ចរបស់អាជ្ញាធរប្រេស៊ីល ក្នុងនាមជារដ្ឋភាគីនៃសន្ធិសញ្ញាទីក្រុងរ៉ូម ក្នុងការចាប់ខ្លួនលោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៉ីរូបនេះហ៊ានធ្វើទស្សនកិច្ចទៅកាន់ប្រេស៊ីល។

គួរបញ្ជាក់ថា ប្រេស៊ីល បានផ្ញើលិខិតអញ្ជើញជាផ្លូវការទៅកាន់លោក ពូទីន សម្រាប់កិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ក្នុងទីក្រុង Rio de Janeiro។ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបថាតើលោក ពូទីន មានគម្រោងចូលរួមកិច្ចប្រជុំនេះដែរ ឬក៏យ៉ាងណានៅឡើយទេ៕