ប្រមុខ UN ថាការវាយប្រហារលើកងទ័ពមួកខៀវ នៅលីបង់ អាចនឹងត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម

(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលាថាការវាយប្រហារណាមួយប្រឆាំងនឹង កងទ័ពមួកខៀវ អាចនឹងត្រូវបានចាត់ទុកថាជា «ឧក្រិដ្ឋកម្មសង្រ្គាម»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីស្រាអែលប៉ុន្មានថ្ងៃចុងក្រោយនេះ បានរងការចោទប្រកាន់ជាបន្តបន្ទាប់ថាបានវាយប្រហារលើមូលដ្ឋានរបស់កងទ័ពមួកខៀវប្រចាំលីបង់ ឬគេស្គាល់ថា UNIFIL។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យ UN លោក Stephane Dujarric បានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំងរក្សាសន្តិភាព UNIFIL នឹងនៅតែបន្តឈរជើងនៅទីតាំងរបស់ខ្លួន ហើយទង់ជាតិ UN នៅតែបន្តបក់រវិចៗ»

បើតាមលោក Stephane Dujarric លោកអគ្គលេខាធិការ UN ក៏បានបញ្ជាក់ឡើងវិញផងដែរថាកងកម្លាំង UNIFIL និងទ្រព្យសម្បត្តិរបស់ពួកគេមិនត្រូវក្លាយជាគោលដៅ នៃការវាយប្រហារនោះទេ។ ការវាយប្រហារប្រឆាំងនឹងកងកម្លាំងរក្សាសន្តិភាព ជាទង្វើបំពានច្បាប់អន្តរជាតិ ក្នុងនោះរួមមានទាំងច្បាប់មនុស្សធម៌អន្តរជាតិ ហើយដែលអាច នឹងត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម៕