លីបង់ ថាមនុស្ស ២២នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើភាគកណ្ដាលរដ្ឋធានីបេរូត

(បេរូត)៖ ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថាមនុស្សយ៉ាងហោច ២២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ទីប្រជុំជនមួយ ស្ថិតនៅកណ្ដាលរដ្ឋធានីបេរូត កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសជាញឹកញាប់ លើតំបន់ជាយភាគខាងត្បូងរដ្ឋធានីបេរូត ដែលជាមូលដ្ឋានរបស់ក្រុមហេសបូឡា ក្នុងរយៈពេលជាង២សប្ដាហ៍មកនេះ ប៉ុន្តែ ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកទី៣ហើយដែលអ៉ីស្រាអែលកំណត់គោលដៅលើភាគកណ្ដាលនៃរដ្ឋធានីលីបង់។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងសុខាភិបាលលីបង់ បានបញ្ជាក់ថា «ការវាយប្រហាររបស់អ៉ីស្រាអែលដែលជាសត្រូវលើរដ្ឋធានីបេរូត នៅល្ងាចនេះ (ថ្ងៃព្រហស្បតិ៍) បានសម្លាប់មនុស្ស២២នាក់ និង១១៧នាក់ បានរងរបួស។

គួរបញ្ជាក់ថា មន្ត្រីសន្តិសុខលីបង់ម្នាក់បានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាការវាយប្រហាររបស់អ៉ីស្រាអែល គឺមានគោលដៅសម្លាប់មន្ត្រីជាន់ខ្ពស់ម្នាក់របស់ហេសបូឡា គឺលោក Wafiq Safa ដែលជាប្រមុខអង្គភាពទំនាក់ទំនង និងសម្របសម្រួល ទទួលខុសត្រូវធ្វើការជាមួយទីភ្នាក់ងារសន្តិសុខលីបង់។ មិនទាន់មានព័ត៌មានច្បាស់ពីការពីជោគវាសនា របស់មន្ត្រីហេសបូឡារូបនេះទេ តែប្រភពខ្លះបញ្ជាក់ថាលោកគេចផុតពីការប៉ងធ្វើឃាតរបស់អ៉ីស្រាអែល៕