កាណាដា ប្រកាសបេីកស្ថានទូតនៅភ្នំពេញ នាពេលឆាប់ៗខាងមុខ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

(វៀងចន្ទន៍, ឡាវ)៖ លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសថា រដ្ឋាភិបាលកាណាដា នឹងបើកស្ថានទូតនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកនាយករដ្ឋមន្ត្រីកាណាដា បានប្រកាសបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីកាណាដា បានសម្ដែងការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែល​បានជួប​ពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

លោកនាយករដ្ឋមន្ត្រីបន្ថែមថា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូតរវាងប្រទេសទាំងពីរ កាណាដាគ្រោងបើកស្ថានទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។

លោកនាយករដ្ឋមន្ត្រីកាណាដា ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ាន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ត្រូវបានអនុម័តនាពេលខាងមុខនេះ។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់​ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណកាណាដាដែលបានចូលរួមក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ ការរួម​ចំណែក​បោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា។

បន្ថែមលើសពីនោះ សម្ដេចមហាបវរធិបតី បានជម្រាបលោកនាយករដ្ឋមន្ត្រីកាណាដាថា កាណាដា ជាដៃគូ​ពា​ណិជ្ជ​កម្មទ្វេភាគី​លំដាប់ទី៧ របស់កម្ពុជា ដែលការណ៍នេះបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។

សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជាការ​រៀប​ចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថាន​ស្ថានទូត​កម្ពុជា​ នៅ​កាណាដាជាដើម។ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ​កម្ម​វិធីកែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់វិស័យឯកជន ជាមួយនឹងការ​កែ​លម្អ​បរិយាកាសវិនិយោគឱ្យកាន់តែល្អប្រសើរ និងមានលក្ខណៈអំណោយផល ព្រមទាំងបានដាក់ចេញវិធាន​ការ​លើកទឹកចិត្តនានា សំដៅជួយវិស័យឯកជនឱ្យកាន់តែរីកចម្រើនថែមទៀត៕