(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៩ ខែតុលា បានព្រមានអ៉ីស្រាអែលឱ្យបញ្ចៀសរាល់ការធ្វើសកម្មភាពយោធាទាំងឡាយណា នៅក្នុង ប្រទេសលីបង់ ដែលនាំទៅរកវិនាសកម្មដូចនៅតំបន់ហ្កាហ្សា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានគំរាមលីបង់ថាអាចនឹងមាន វាសនាដូចហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានគំរាមកាលពីថ្ងៃអង្គារកន្លងទៅថាលីបង់អាចប្រឈមមុខនឹងការបំផ្លិចបំផ្លាញដូចជាហ្កាហ្សា ខណៈកងទ័ពអ៉ីស្រាអែលពង្រីកប្រតិបត្តិការវាយលុកថ្មើរជើងប្រឆាំងក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។ «ពួកអ្នកមានឱកាស ដើម្បីសង្រ្គោះលីបង់ មុននឹងលីបង់ធ្លាក់ចូលក្នុងសង្រ្គាមមួយដែលនឹងនាំទៅរកការបំផ្លិចបំផ្លាញ និងការឈឺចាប់ដូចដែលបានកើតឡើងនៅហ្កាហ្សា … ខ្ញុំផ្ដាំទៅកាន់ពួកអ្នក ប្រជាជនលីបង់ នោះគឺរំដោះប្រទេសរបស់ពួកអ្នក ចេញពីហេសបូឡា ព្រោះថាធ្វើដូច្នេះទើបសង្រ្គាមអាចបញ្ចប់»។ នេះជាការលើកឡើងរបស់លោក Netanyahu នៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់ប្រជាជនលីបង់។
ពាក់ព័ន្ធនឹងការគំរាមរបស់លោក Netanyahu នេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានគូសបញ្ជាក់អ្នកសារព័ត៌មាន ដូច្នេះថា «វាមិនគួរឱ្យកើតមានឡើយនូវសកម្មភាពយោធានៅលីបង់ ដូចដែលបានកើតឡើងនៅក្នុងតំបន់ហ្កាហ្សា និងបន្សល់ទុកនូវលទ្ធផលដូចនៅហ្កាហ្សា»។ ប៉ុន្តែ មិនបានប៉ុន្មានម៉ោង ប្រមុខការទ័ពអ៉ីស្រាអែល លោក Herzi Halevi បានប្ដេជ្ញាថាកងទ័ពអ៉ីស្រាអែលនឹងបន្តបង្កើនការទម្លាក់គ្រាប់បែក លើមូលដ្ឋាន របស់ក្រុមហេសបូឡា ដោយមិនបន្ធូរដៃទុកឱកាសឱ្យចលនាប្រដាប់អាវុធមួយនេះដង្ហើមបានស្រួល ឬអាចប្រមូលផ្ដុំកម្លាំងឡើងវិញនោះទេ។
អ៉ីស្រាអែល បានចាប់ផ្ដើមបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំជាបន្តបន្ទាប់ ប្រឆាំងមូលដ្ឋានរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ កាលពី ថ្ងៃ២៣ ខែកញ្ញាកន្លងទៅនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ១១៥០នាក់ និងបង្ខំឱ្យមនុស្សច្រើនជាង១លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង របស់ពួកគេ។ អ៉ីស្រាអែល បច្ចុប្បន្ន កំពុងវាយប្រហារដោយផ្ដោតជាសំខាន់លើមូលដ្ឋានរបស់ហេសបូឡា នៅភាគខាងត្បូង និងភាគខាងកើតលីបង់ ព្រមទាំងភាគខាងត្បូង នៃរដ្ឋធានីបេរូត៕