ធនាគារពិភពលោក ប្រកាសបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត ជាមួយកម្ពុជា

(វៀងចន្ទន៍, ឡាវ)៖ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានប្រកាសបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។

លោកស្រី បានគូសរំលេចបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេស​ឡាវ ទីដែលកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធយ៉ាងមហោឡារិក។

ក្នុងជំនួបនេះលោកស្រីអនុប្រធានធនាគារពិភពលោក បានសម្ដែងការអបអរសាទរចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាគោលនយោបាយគន្លឹះនៃការបង្កើតមូលដ្ឋានដ៏រឹងមាំ សម្រាប់សម្រេចបានចក្ខុវិស័យវែងឆ្ងាយ។

លោកស្រីក៏បានគោរពជម្រាបសម្ដេចបវរធិបតីថា ធនាគារពិភពលោក គ្រោយនឹងអនុម័តក្របខ័ណ្ឌភាព​ជាដៃគូ​សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៥-២០២៩ (CPF 2025-2029) នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះ​នឹង​រួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានាពេលអនាគត។
នៅចំពោះមុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភពលោក, លោកស្រីបានលើកឡើងថា បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់គួរតែពង្រឹងនូវឯករាជ្យភាពរបស់ខ្លួន ដោយត្រូវកំណត់ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់។ ជាមួយគ្នានោះ លោកស្រីក៏បានគោរព​ជម្រាបជូនសម្ដេចមហាបវរធិបតីថា ធនាគារពិភពលោកនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ​ថែម​ទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកម្មវិធីនយោបាយជាអាទិភាពគន្លឹះរបស់រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែលរួមមានដូចជា៖ ការអភិវឌ្ឍមូលធនមនុស្ស, ការពង្រឹងគុណភាពនៃសេវាសុខាភិបាល និងការផ្ដោត​យក​ចិត្តទុកដាក់លើការងារអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាដើម ដែលទាំងនេះជាអាទិភាពចម្បង ក្នុងការ​ប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្ដេចមហាបវរធិបតី ក៏បានបន្ថែមទៀតថា កម្ពុជាបាន និងកំពុងសិក្សាអំពីអភិក្រមនៃការ​ពិនិត្យតាមដានថា តើមាន​យុវជនកម្ពុជាប៉ុន្មានភាគរយដែលគួរបន្តការសិក្សានៅកម្រិតចំណេះដឹងទូទៅ និងថ្នាក់ឧត្តមសិក្សា ហើយមានយុវជនប៉ុន្មានភាគរយដែលគួរសិក្សាជំនាញវិជ្ជាជីវៈ? សម្ដេចបវរធិបតី​បានគូសបញ្ជាក់​ពីសារៈ​សំខាន់នៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា កម្ពុជាបាននិងកំពុងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន បានដាក់ចេញកម្មវិធីនៃការកែទម្រង់ស៊ីជម្រៅ និងបានពង្រឹងវិស័យអាទិភាពនានាឱ្យកាន់តែល្អប្រសើរដើម្បីឱ្យក្លាយជាជន្ទល់ដែលមានភាពរឹងមាំ ក្នុងការទ្រងទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕