ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ចង់បោះផ្សាយលក់មូលបត្រ ក្នុងទីផ្សារមូលបត្រអាស៊ាន

Oplus_131072
Oplus_131072

(វៀងចន្ទន៍, ឡាវ)៖ លោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) បានបង្ហាញបំណងបោះផ្សាយលក់មូលបត្រក្នុងទីផ្សារមូលបត្រអាស៊ាន។

ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានលើកបំណងនេះ ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ទីកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធយ៉ាងមហោឡារិក។

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានសម្ដែងក្ដីសោមនស្សរីករាយដែលសម្ដេចបវរធិបតី បាន​អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីផែនការសកម្មភាពការងារមួយចំនួនរបស់​ក្រុមប្រឹក្សា​ធុរកិច្ចអាស៊ាន នៅពេលម៉ាឡេស៊ី នឹងក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៥ខាងមុខ ហើយរូបលោកក៏នឹងក្លាយ​ជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានផងដែរ។

លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានលើកឡើងអំពីគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជំរុញការធ្វើធុរកិច្ច និង​វិនិយោគនៅតំបន់អាស៊ាន តាមរយៈយុទ្ធសាស្ត្រគន្លឹះមួយចំនួនរួមមាន៖ (១) ការកំណត់អត្តសញ្ញាណ​រួម​ពិ​សេស ក្នុងនាមជាធុរជន និងវិនិយោគិនអាស៊ាន, (២) ការរៀបចំការបោះផ្សាយលក់មូលបត្រជាសាធារណៈ​លើក​ដំបូងនៅក្នុងទីផ្សារមូលបត្រអាស៊ាន (ASEAN-IPO), (៣)ការពង្រឹងយន្តការនៃការទទួលខុសត្រូវផ្នែកសង្គម ជាមួយនឹងការសម្រួលដល់ការបរិច្ចាគឆ្លងដែននានា និង (៤) ការជំរុញឱ្យមានការចូលរួមផ្នែកយែនឌ័រប្រកប​ដោយ​សមធម៌ និងបរិយាប័ន្ន ក្នុងធុរកិច្ច និងការវិនិយោគ។

លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក៏បានគោរពជម្រាបសម្ដេចធិបតីផងដែរថា កម្ពុជា ជាប្រទេសតូច តែ​មាន​សក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍ និងបានលើកឡើងពីការជំរុញវិស័យទេសចរណ៍នៅ​កម្ពុជា តាមរយៈការបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជនក្នុងតំបន់ និងពិភពលោក ជាមួយការផ្ដល់​ឱកាស​ឱ្យវិស័យ​ឯកជនចូលរួមដោយផ្ទាល់ក្នុងការកំណត់គំរូអាជីវកម្មថ្មីៗ។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់លោកប្រធានក្រុម​ប្រឹក្សាធុរកិច្ច​អាស៊ាន​ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងនេះ​ទៅជាសកម្ម​ភាព និងលទ្ធផលជាក់​ស្ដែង។

សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើសុខដុមនីយកម្មនៃក្របខ័ណ្ឌគតិយុត្ត​នៃបណ្ដា​ប្រទេសអាស៊ាន ដើម្បីបង្កើតឱ្យបានបរិស្ថានអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគិនក្នុងតំបន់អាស៊ាន, ការ​ប្រែក្លាយគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតឱ្យមានទីផ្សារមូលបត្ររួមនៅក្នុងតំបន់អាស៊ាន និងការជំរុញការចូលរួម​បន្ថែម​ទៀតរបស់វិស័យឯកជនក្នុងធុរកិច្ច និងការវិនិយោគ។

សម្ដេចមហាបវរធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកថា វិស័យឯកជនជាដៃគូមិនអាច​ខ្វះ​បានក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកញ្ចប់​វិធាន​ការ​លើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនបានដំណើរការល្អប្រសើរ និង​រីកលូតលាស់៕