ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការកសាងផែរួម នឹងក្លាយជាផែចម្រុះ ទាំងទេសចរណ៍ ពាណិជ្ជកម្ម និងនេសាទ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការកសាងផែរួម នឹងក្លាយជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ ជាពិសេសក៏នឹងក្លាយជាដង្ហើមសេដ្ឋកិច្ច សម្រាប់ទាំងអស់គ្នានៅក្នុងមូលដ្ឋានផងដែរ។

ការលើកឡើងបែបនេះរបស់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍ ដើម្បីពិនិត្យករណីរៀបចំផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានឱ្យដឹងថា ការជួបប្រជុំគ្នានាពេលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបតាមសំណូមពរជាច្រើន ក្នុងការស្នើសុំកសាងផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

ទាក់ទិននឹងសំណើនេះ លោកឧបនាយករដ្ឋមន្ត្រី បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយ ដោយមានការចូលរួមភាគហ៊ុនពីម្ចាស់អាជីវកម្មផែទាំងឡាយ ដើម្បីបម្រើដល់វិស័យទេសចរណ៍​ និងការដឹកជញ្ជូន ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ប្រសើរជាងការកសាងផែដាច់ដោយឡែកពីគ្នា។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា «ផែរួមនេះនឹងក្លាយជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ ហើយមិនមែនត្រឹមតែជាផែធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំឱ្យក្លាយជាដង្ហើមសេដ្ឋកិច្ច សម្រាប់ទាំងអស់គ្នានៅក្នុងមូលដ្ឋានផងដែរ»

យោងតាមស្មារតីនៃអង្គប្រជុំក្រោមការឯកភាពគ្នានាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំទស្សនទានក្នុងការរៀបចំផែនការនេះ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ គ្រោងនឹងរៀបចំផែនការកសាងផែរួមមួយសម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសម្បូរបែប ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ៕