អ៉ីស្រាអែល អះអាងថាបានសម្លាប់អ្នកស្នងតំណែងជាមេដឹកនាំថ្មីរបស់ហេសបូឡា

Oplus_131072

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ ទី៨ ខែតុលា បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់ អ៉ីស្រាអែលបានសម្លាប់អ្នកស្នងតំណែង២រូប ដែលត្រូវបានគេសន្មត់ថាអាចនឹងកាន់តំណែងជាមេដឹកនាំនាំហេសបូឡាថ្មីជំនួសលោក Hassan Nasrallah ដែល ទើបតែត្រូវបានសម្លាប់ ខណៈអ៉ីស្រាអែលបានពង្រីកប្រតិបត្តិការវាយលុកថ្មើរជើងចូលទៅកាន់ភាគខាងត្បូងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

Oplus_131072

ការកត់សម្គាល់របស់លោក Netanyahu ធ្វើឡើងនៅក្នុងសុន្ទរកថាជាវីដេអូមួយត្រូវបានចេញផ្សាយដោយការិយាល័យរបស់លោក ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី មេដឹកនាំរងរបស់ក្រុមហេសបូឡាប្រកាសបើកចំហទ្វារចរចាស្វែងរកបទឈប់បាញ់នៅលីបង់។ ក្នុងសុន្ទរកថានោះ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «យើងបានធ្វើឱ្យសមត្ថភាពរបស់ហេសបូឡាចុះខ្សោយ។ យើងបានសម្លាប់ភេរវកររាប់ពាន់នាក់ ក្នុងនោះរួមមានទាំង (Hassan) Nasrallah និងអ្នកស្នងតំណែង របស់ Nasrallah ព្រមទាំងអ្នកស្នងតំណែងពីអ្នកស្នងតំណែង»។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះមិនបានបង្ហើបឱ្យដឹងពីឈ្មោះមនុស្សទាំង២នាក់ចុងក្រោយ នេះនោះទេ។

គួរបញ្ជាក់ថា នៅមុនការលើកឡើងរបស់លោក Netanyahu រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយថាលោក Hashem Safieddine ជាមនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងឡើងស្នងតំណែងជាមេដឹកនាំថ្មីរបស់ហេសបូឡាជំនួសលោក Nasrallah ទំនងជាត្រូវបានកម្ទេចនៅក្នុងការវាយប្រហារតាមផ្លូវ អាកាសរបស់អ៉ីស្រាអែល។ តែភ្លាមៗ មិនទាន់ច្បាស់ការថាតើអ្នកស្នងតំណែងពីអ្នកស្នងតំណែងដែលលោក Netanyahu បានលើកឡើងគឺ ជានរណានោះទេ?

កាលពីសប្ដាហ៍មុន យោធាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីស្នាក់ការចារកម្មរបស់ក្រុមហេសបូឡា ក្រោយស៊ើបការណ៍ដឹងថាលោក Safieddine បានស្ថិតនៅក្នុងទីស្នាក់ការនេះ ហើយចាប់តាំងពីពេលនោះមក លោក Safieddine ក៏មិនបានបង្ហាញខ្លួនជាសាធារណៈនោះដែរ។ តែហេសបូឡា មិន ទាន់ចេញមុខបញ្ជាក់ពីជោគវាសនារបស់លោកនៅឡើយទេ៕