(ម៉ាឌ្រីដ)៖ អតីតបេក្ខជនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Edmundo Gonzalez កាលពីថ្ងៃសុក្រ ទី៤ ខែតុលា បានប្រកាសថាលោកមានបំណងវិលត្រឡប់ ទៅកាន់ប្រទេសរបស់លោកវិញ នៅថ្ងៃទី១០ ខែមករា ឆ្នាំក្រោយ ដើម្បីចូលកាន់តំណែងជាប្រធានាធិបតីជាប់ឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
លោក Gonzalez បានចូលរួមវេទិកាធុរកិច្ចមួយក្នុងប្រទេសអេស្ប៉ាញ ជាទីដែលលោកបានថ្លែងសុន្ទរកថាជាសាធារណៈលើកដំបូង ចាប់តាំងពីរត់ទៅដល់អេស្ប៉ាញ ក្រោយត្រូវបានអាជ្ញាធររបស់លោកប្រធានាធិបតី Nicolas Maduro តាមចាប់ខ្លួន។ ថ្លែងទៅកាន់អ្នកចូលរួម មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថារូបលោក ជាប្រធានាធិបតីជាប់ឆ្នោត ហើយការស្នាក់នៅក្នុងប្រទេសអេស្ប៉ាញ គឺបណ្ដោះអាសន្នប៉ុណ្ណោះ។
លោក Gonzalez បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងត្រឡប់ទៅកាន់វ៉េណេស៊ុយអេឡាវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលដែលយើងស្ដារឡើងវិញនូវ ប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង…ខ្ញុំនឹងត្រឡប់ចូលស្រុកនៅថ្ងៃទី១០ ខែមករា (ឆ្នាំ២០២៥) ដើម្បីចូលកាន់តំណែងជាប្រធានាធិបតីជាប់ឆ្នោត»។
គួរបញ្ជាក់ថា លោក Gonzalez បានចាកចេញពីវ៉េណេស៊ុយអេឡា ទៅកាន់អេស្ប៉ាញកាលពីថ្ងៃទី៩ ខែកញ្ញា មួយសប្ដាហ៍ក្រោយអាជ្ញាធរវ៉េណេស៊ុយអេឡា ចេញ ដីកាចាប់ខ្លួនរូបលោកពីសមគំនិត និងប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន។ ទាំងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចបានអះអាងពីជ័យជម្នះរៀងៗខ្លួន នៅក្នុងការបោះឆ្នោតប្រធានាធិបតីវ៉េណេស៊ុយអេឡា កាលពីខែកក្កដាកន្លងទៅ៕