លោក ឃួង ស្រេង ពិភាក្សាជាមួយអភិបាលក្រុងប៉ារីស និងជាប្រធាន AIMF អំពីការអភិវឌ្ឍ និងការរីកចម្រើននៃទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈមមួយចំនួន

(ប៉ារីស)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី អាន អ៉ីដាលហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង (AIMF) អំពីការអភិវឌ្ឍ និងការរីកចម្រើននៅទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈមដែលមានលក្ខណៈដូចគ្នាមួយចំនួន រួមមាន៖ បញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថាន។ល។

កិច្ចពិភាក្សានេះធ្វើឡើងនៅរដ្ឋធានីប៉ារីស ប្រទេសបារាំង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។

លោកស្រី អាន អ៉ីដាលហ្គោ បានចែករំលែកអំពីបទពិសោធន៍ និងយន្តការមួយចំនួន ដែលទីក្រុងប៉ារីស កំពុងដោះស្រាយបញ្ហាប្រឈមរួមមាន៖ បញ្ហាចរាចរណ៍ ទីក្រុងប៉ារីស បានជ្រើសរេីសយកការសាងសង់បន្ថែមនូវរថភ្លេីង លើដី (Tramway) នៅព័ទ្ធជ៉ំវិញទីក្រុងប៉ារីស ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ដែលធ្វើឱ្យកកស្ទះចរាចរណ៍ បំពុលបរិស្ថាន។

អ្នកនាំពាក្យបន្តថា ពាក់ព័ន្ធបញ្ហាបរិស្ថាន៖ ការសម្អាតទន្លេសែន (La Seine) ឱ្យបានស្អាត គឺជាយន្តការចម្បងមួយ ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការកើនឡើងកម្តៅនៅទីក្រុងប៉ារីស។ ជាមួយគ្នានេះ លោកស្រីអភិបាលទីក្រុងប៉ារីស បានលើកឡើងថាទីក្រុងប៉ារីស បានកសាងនូវកន្លែងស្តុកទឹកភ្លៀងខ្នាតធំ ដើម្បីចៀសវាងការហូរចូលលាយឡំទឹកភ្លៀង និងទឹកស្អុយនៅពេលមានធ្លាក់ភ្លៀងខ្លាំង។

ក្នុងជំនួបនេះផងដែរ លោកស្រីអភិបាលក្រុងប៉ារីស ក៏បានអញ្ជេីញលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងគណៈប្រតិភូ ដេីម្បីទស្សនាផ្ទាល់នៅស្ថានីយរថភ្លេីង Tramway ដែលទេីបតែសាងសង់រួចសម្រាប់ទទួលភ្ញៀវអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកផងដែរ ហេីយលោកអភិបាលក៏បានឯកភាពលេីការអញ្ជើញនេះដែរ។

ជាមួយគ្នានេះ លោកស្រីអភិបាលក្រុងប៉ារីស ក៏បានបង្ហាញពីគម្រោង «ភូមិ១៥នាទី» នៅសង្កាត់ទី១៥ នៃទីក្រុងប៉ារីស ដែលជាភូមិ ដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ១៥នាទី ពីផ្ទះរបស់ខ្លួន ទៅសាលារៀន តំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ កន្លែងវប្បធម៌ផ្សេងៗ។

ជាការឆ្លើយតបក្នុងឱកាសនោះ លោក ឃួង ស្រេង បានសម្តែងការចាប់អារម្មណ៍ពីសារៈសំខាន់នៃគម្រោងនេះ ហេីយលោកបានស្នេីសុំលោកស្រីអភិបាលក្រុងប៉ារីស ដេីម្បីយកគំរូនៃគម្រោងនេះ ទៅសាកល្បងអភិវឌ្ឍរាជធានីភ្នំពេញ ក្នុងការផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងអាចមានសេវាគ្រប់គ្រាន់ បម្រេីឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញកាន់តែប្រសេីរឡេីងផងដែរ។

ជារួមភាគីទាំងពីរ បានបង្ហាញនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF ឲ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោក ឃួង ស្រេង បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៍លើកទី១០២ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង៕