រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវឱ្យមានការចូលរួមសាមគ្គីគ្នា ដើម្បីចីរភាពនៃភាពស្អាត និងភាពបៃតងនៅកម្ពុជា

Oplus_131072
Oplus_131072

(ភ្នំពេញ)៖ «បរិស្ថាន គឺជាអាយុជីវិតរបស់យើង បរិស្ថានគឺជាសុខភាពរបស់យើង បរិស្ថានគឺជាកត្តាធ្វើឱ្យ ប្រជាពលរដ្ឋមានសុខភាពល្អ មានបញ្ញាវាងវៃ ស្មារតីរឹងមាំ ចូលរួមដឹកនាំកម្ពុជា ឈានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីប្រគល់ ប័ណ្ណសរសើរ លើកទឹកចិត្តប្រតិបត្តិករ មេត្រីបរិស្ថានឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីបានអំពាវនាវជាថ្មីម្តងទៀត ឱ្យមានការចូលរួមសាមគ្គីគ្នា ដើម្បីឈានឆ្ពោះទៅទទួលបាននូវបរិស្ថានមួយ ដែលមានភាពស្អាតនិងបៃតងជារៀងរហូត មិនសម្រាប់ជំនាន់នេះទេ គឺសម្រាប់ជំនាន់ក្រោយតរៀងទៅ។ កុមារនៅពេលកើតមកនៅពេលនេះ មិនបានដឹងថាពិភពលោកមានការប្រែប្រួលអាកាសធាតុ មានការប្រែប្រួលរដូវកាល មានខ្យល់ព្យុះ ទឹកជំនន់នោះទេ។ ប៉ុន្តែយើងមានមោទនភាពណាស់ ដែលសិស្សានុសិស្ស ទូទាំងប្រទេស ចំនួន ៣,៦លាននាក់ បានចូលរួមទប់ស្កាត់ចម្បងការប្រែប្រួឡអាកាសធាតុ តាមរយៈការចូលរួម សម្អាតកម្ពុជាផង និងជួយឱ្យកម្ពុជាយើងមានភាពបៃតងទៀតផង។

ការចូលរួមរបស់កុមារកម្ពុជា បង្ហាញពីការបណ្តុះ «ភាពស្អាត» និង «ពន្លកបៃតង» ក្នុងផ្នត់គំនិតរបស់គាត់។ នៅពេលគាត់ធំដឹងក្តីកាលណា នៅពេលនោះ កូនចៅ ចៅទួតរបស់គាត់ មានផ្នត់គំនិតស្អាតនិងបៃតងរួចទៅហើយ នោះកម្ពុជា មានចីរភាពនៃភាពស្អាត និងភាពបៃតង។ លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីបរិស្ថានទាំងអស់ រួមជាមួយអាជ្ញាធរគ្រប់ថ្នាក់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជន ព្រះសង្ឃ កម្មករ កម្មការិនី ព្រះសង្ឃ និងប្រជាពលរដ្ឋ បានចូលរួមធ្វើឱ្យមូលដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ មានភាពស្អាត ហើយផ្នត់គំនិតកម្ពុជាស្អាត កំពុងរីកដុះដាលក្នុងសង្គមយើង រួមជាមួយគ្នានេះ ភាពបៃតងក៏កំពុងបានរីកដុះដាលផងដែរ។

លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យបន្តចូលរួម ក្នុងការអនុវត្តផែនការ សកម្មភាព២ចំណុច គឺធ្វើឱ្យកម្ពុជាគ្មានថង់ប្លាស្ទិក ហើរតាមផ្លូវនៅក្នុងឆ្នាំ ២០២៥ខាងមុខ និងកម្ពុជា ធានាការពារធនធានធម្មជាតិ ឱ្យបានគង់វង្ស ស្ថិតស្ថេរ សម្រាប់កូនដៅ តជំនាន់ទៅមុខ ជាពិសេសឆ្ពោះទៅកម្ពុជា មានខ្យល់ដកដង្ហើមជាមួយខ្យល់បរិសុទ្ធ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ការនាំចូលថង់ប្លាស្ទិកត្រូវបានកាត់បន្ថយ ចំនួនថង់ប្លាស្ទិកដែលនាំចូល មកកម្ពុជាបានចំនួន៧១,៤% យោងតាមស្ថិតិ របស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ។ ដោយឡែកចំនួនថង់ប្លាស្ទិក ដែលហោះហើរតាមផ្លូវ និងតាមទីសាធារណៈ បានថយចុះប្រមាណជាង៦០%ផងដែរ។ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ ការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ទទួលបានជោគជ័យដោយ មានមនុស្សជាង ៩,៥លាននាក់ បានចូលរួម និងបានប្តេជ្ញាចិត្តប្រើថង់ប្លាស្ទិកយ៉ាងតិច ១ថ្ងៃក្នុង ១សប្តាហ៍ និងពង្រីកចលនា «កម្ពុជាស្អាត ខ្មែរធ្វើបាន» រហូតមកទល់ថ្ងៃនេះ មានការចូលរួមពីមនុស្សជិត ៣លាននាក់ ផងដែរ។

លើសពីនេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ដោយបានបណ្តុះនិង ចែកជូនកូនឈើចំនួន ១,៣លានដើម និងបានដាំដុះកូនត្នោតបានជាង២ម៉ឺនដើមផងដែរ នៅ តាមក្រវ៉ាត់ព្រំដែនរបស់កម្ពុជា ជាមួយប្រទេសជិតខាង ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការដាំកូនត្នោត នៅតាមក្រវ៉ាត់ព្រំដែន របស់ខេត្តផ្សេងៗទៀត បន្ថែមទៀតផងដែរ។ តាមផែនការក្រសួងបរិស្ថានបណ្តុះកូនត្នោតយ៉ាងតិចចំនួន១លានដើម សម្រាប់ចែកជូនសាធារណជនដាំនៅឆ្នាំ២០២៥ ខាងមុខ៕