សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូន កញ្ញា កន្និដ្ឋា ដោយបញ្ជាក់ថា «សម្តេចមិនប្រកាន់ខឹងទេ» ហើយស្នើឱ្យបញ្ចប់ការតតាំងគ្នារឿង Gumball 3000 និងនាំគ្នាអបអរសាទរបុណ្យភ្ជុំបិណ្ឌ

Oplus_131072

(ភ្នំពេញ)៖ បន្ទាប់ពីឃើញវីដេអូ កញ្ញា កន្និដ្ឋា ម្ចាស់ផេក The Kanitha Show ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារត្រឡប់ទៅអ្នកអត្ថាធិប្បាយតាមបណ្តាញសង្គមរូបនេះ ដោយថ្លែងអំណរគុណ និងបញ្ជាក់ថា សម្តេចមិនបានប្រកាន់ខឹងនឹងរូបនាងនោះទេ។

Oplus_131072

តាមរយៈបណ្តាញសង្គម សម្តេចបានលើកឡើងដូច្នេះថា៖ «ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ»។

សម្តេចបានបញ្ជាក់បន្ថែមថា​ សូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតារបស់យើងបានកសាង។ ក្រៅពីនោះ ក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋយើងក្នុងការថែទាំ និងព្យាបាលសុខភាព។

សម្តេចបានបន្ថែមទៀតថា រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានផ្ដល់ការគាំទ្រចំពោះការរៀបចំកម្មវិធីនេះ ដោយគិតគូរទាំងជ្រុងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការការពារតម្លៃនៃវប្បធម៌របស់យើង ជាពិសេសការគោរពនៅក្នុងតំបន់ប្រាសាទអង្គរវត្ត។

«ជាការពិតណាស់ មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ។ អ្វីដែលខ្ញុំសោកស្តាយ គឺថាការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធីនេះ បានក្លាយទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់។ Gumball 3000 បានឆ្លងចេញពីប្រទេសកម្ពុជាច្រើនថ្ងៃទៅហើយ នៅឡើយការជជែកតតាំងគ្នាយកចាញ់ឈ្នះមិនទាន់ចប់ពាក់ព័ន្ធប្រធានបទនេះ។ ខ្ញុំគិតថា ល្មមដល់ពេលបញ្ចប់ការជជែកតតាំងគ្នាពាក់ព័ន្ធនឹងប្រធានបទនេះហើយ ហើយយើងនាំគ្នាអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរក្នុងសម័យសន្តិភាព»។ នេះបើតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចបានថ្លែងអំណរគុណកញ្ញា កន្និដ្ឋា ដែលបានយល់អំពីគោលបំណងនៃការរៀបចំទទួលកម្មវិធី Gumball 3000 នៅកម្ពុជា ទោះជាការរៀបចំមានទិដ្ឋភាពខ្លះមិនស្របជាមួយនឹងគំនិតរបស់នាងក៏ដោយ។ សម្តេចបានជូនពរកញ្ញា កន្និដ្ឋា និងក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

សូមបញ្ជាក់ថា បន្ទាប់ពីដឹងកំហុស កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កញ្ញា កន្និដ្ឋា ម្ចាស់ផេក The Kanitha Show បានចេញវីដេអូសូមទោស សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ដែលបានរិះគន់ជុំវិញព្រឹត្តិការណ៍ Gumball 3000 ដែលជាព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរ កម្រិតអន្តរជាតិ ដែលរៀបចំឡើងនៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។

កញ្ញា​ កន្និដ្ឋា បានសូមការអធ្យាស្រ័យពី សម្តេចទាំងពីរ ដ្បិតកញ្ញាបានដឹងពីកំហុសរបស់ខ្លួនហើយ។ ជាមួយគ្នានេះ កញ្ញា បានបញ្ជាក់ថា ហ្វេកប៊ុកផេកដែលមានឈ្មោះថា The Kanitha Show ពុំមាននរណាបានលួចទៅប្រើប្រាស់នោះទេ គឺកញ្ញាផ្ទាល់ជាអ្នកចូលទៅលុបវីដេអូ​ និងខ្លឹមសារផ្សេងៗដែលរិះគន់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Gumball 3000 ដោយខ្លួនឯង៕