(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា បាននិយាយថាលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ចង់ឱ្យគណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ដែលលោកនឹងត្រូវប្រកួតប្រជែងជាមួយបេក្ខជនប្រធានាធិបតីមកពី បក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ដូណាល់ ត្រាំ ក៏បាននិយាយដែរថាប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី លោកនឹងហៅទូរស័ព្ទទៅកាន់លោក ពូទីន និងលោក ហ្សេលេនស្គី ហើយជំរុញឱ្យមេដឹកនាំ ទាំង២ ឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមរុស្ស៉ី និងអ៊ុយក្រែន។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ អំឡុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងរដ្ឋ Pennsylvania លោក ត្រាំ បានកត់សម្គាល់ដូច្នេះថា «ខ្ញុំគិតថាលោក ហ្សេលេនស្គី គឺជាអ្នកលក់ដ៏អស្ចារ្យម្នាក់នៅក្នុងប្រវតិ្តសាស្ត្រ។ ព្រោះថាជារៀងរាល់ពេលដែលគាត់មកកាន់សហរដ្ឋអាមេរិក គាត់តែងតែត្រឡប់ទៅ វិញជាមួយលុយ ៦០ពាន់លានដុល្លារ…ដូច្នេះហើយគាត់ចង់ឱ្យពួកគេ (បក្សប្រជាធិបតេយ្យ) ឈ្នះក្នុងការបោះឆ្នោត»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី របស់សហរដ្ឋអាមេរិកសាជាថ្មី។ ប៉ុន្តែ លោកមិនបានបង្ហើប ឬបញ្ជាក់ឱ្យច្បាស់ពីផែនការរបស់លោកនោះទេ។ លោកថែមទាំងធ្លាប់និយាយដែរថាការផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន គឺជាការខ្ជះខ្ជាយលុយ ហើយបានបដិសេធឆ្លើយទៅនឹងសំណួរដែលចោទសួរថាតើលោកចង់ឱ្យអ៊ុយក្រែនឈ្នះក្នុងសង្រ្គាមជាមួយរុស្ស៉ី ដែរឬក៏យ៉ាងណា?
លោក ត្រាំ និងលោក ហ្សេលេនស្គី ធ្លាប់បាននិយាយគ្នាតាមទូរស័ព្ទកាលពីខែកក្កដាកន្លងទៅ តែអ្នកទាំង២ មិនដែលជួបនិយាយគ្នាដោយផ្ទាល់នោះទេ ចាប់តាំងពីអាណត្តិជាប្រធានាធិបតី របស់លោក ត្រាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ លោក ហ្សេលេនស្គី បានទៅដល់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងដើម្បី ធ្វើបទបង្ហាញពីផែនការសង្រ្គាមដែលលោក ផ្ទាល់ហៅថាផែនការជ័យជម្នះទៅកាន់លោក ចូ បៃដិន ព្រមទាំងបេក្ខជនប្រធានាធិបតីទាំង២រូប គឺលោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ៕